(កាហ្សារតា)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមថ្លែងសន្ទរកថា ក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) ពីប្រទេសឡាវ មកប្រទេសម៉ាឡេស៊ី ដែលនឹងទទួលធ្វើជាប្រធានប្តូរវេនអាស៊ានជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។
នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានថ្លែងកោតសរសើរ CPR សម្រាប់ការខិតខំប្រឹងប្រែងធ្វើការងារ និងសម្រាប់ការប្តេជ្ញាចិត្តឥតងាករេ ដើម្បីធានាបាននូវវឌ្ឍនភាពក្នុងការកសាងសហគមន៍អាស៊ាន និងពង្រឹងលេខាធិការដ្ឋានអាស៊ាន។
បណ្ឌិត កៅ គឹមហួន ក៏បានអបអរសាទរប្រទេសឡាវ សម្រាប់ជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៤ ក្រោមមូលបទ «អាស៊ាន៖ ពង្រឹងការតភ្ជាប់ និងភាពធន់» ហើយបានបញ្ជាក់ឡើងវិញនូវការគាំទ្រពេញ ទំហឹងចំពោះប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២៥ ក្រោមមូលបទ «បរិយាប័្នន និងនិរន្តភាព»។
ក្រោយពីបញ្ចប់ពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) ពីប្រទេសឡាវ មកប្រទេសម៉ាឡេស៊ី រួចមក អគ្គលេខាធិការអាស៊ានបានរៀបចំបាយថ្ងៃត្រង់ជូន CPR ដោយមានការចូលរួម ពីបណ្តាឯកអគ្គរាជ/រដ្ឋទូត និងតំណាង ប្រចាំអាស៊ាន។
នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានសំដែងនូវការថ្លែងអំណរគុណសម្រាប់សមិទ្ធផលនានា ដែលសម្រេចបាននៅពេលប្រទេសឡាវធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៤ ហើយទន្ទឹងបន្តការងារដ៏មានសារៈសំខាន់របស់ CPR នៅពេលម៉ាឡេស៊ីធ្វើជាប្រធានអាស៊ាន នៅឆ្នាំក្រោយ។ អគ្គលេខាធិការអាស៊ាន ក៏បានបញ្ជាក់សារជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងរបស់លេខាធិការដ្ឋានអាស៊ាន សម្រាប់ការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី ក្នុងឆ្នាំ២០២៥ ផងដែរ។
លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Jayant N. Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញវិធីនានាដើម្បី ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងអាស៊ាន-ឥណ្ឌា និងកិច្ចការមួយចំនួនទៀត៕