(បាងកក)៖ ទីផ្សារភាគហ៊ុន និង តម្លៃប្រាក់បាតថៃ នៅថ្ងៃសុក្រនេះ បានងើបឡើងឡើងវិញ មួយថ្ងៃបន្ទាប់ពី ព្រះមហាក្សត្រព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គត នៅរសៀលថ្ងៃព្រហស្បតិ៍ ក្នុងព្រះជន្មាយុ ៨៨ ព្រះវស្សា នៅឯមន្ទីរពេទ្យសិរីរាជ្យ នៃរាជធានី បាងកក ប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០១៦។
សន្ទស្សន៍ភាគហ៊ុន SET បានកើនឡើង ៣.៥ភាគរយ នៅពេលផ្សារហ៊ុនចាប់ផ្ដើមដំណើរការ ខណៈលុយបាតថៃ ក៏បានឡើងថ្លៃ ២ភាគរយវិញផងដែរ ដោយ ៣៥.២០៨បាត ស្មើនឹងមួយ ដុល្លារអាមេរិក គិតត្រឹមម៉ោង១១៖២០ នាទីព្រឹកថ្ងៃសុក្រនេះ ។ ជាមួយគ្នានេះដែរ ក្រុមអ្នកវិភាគ បានសម្ដែងការភ្ញាក់ផ្អើល ចំពោះការងើបឡើងវិញនូវភាគហ៊ុន និង ប្រាក់បាតថៃ តួយ៉ាងអ្នកវិភាគ សេដ្ឋកិច្ចសិង្ហបុរី លោកស្រី Margaret Yang បានប្រាប់ Channel News Asia ថា «កាលពី ប៉ុន្មានថ្ងៃមុនប្រាក់បាត និងផ្សារហ៊ុនថៃ បានដំាក្បាលចុះក្រោម ក៏ប៉ុន្តែនៅពេលនេះអ្វីៗហាក់ ដូចផ្លាស់ប្ដូរដោយសន្តិវិធី ជាមួយនឹងការគ្រប់គ្រងសព្វបែបយ៉ាង រួមទំាងការត្រៀមទុក មូលនិធិសម្រាប់បង្ការហានិភ័យផងដែរ»។
គួររំលឹកថា កាលពីថ្ងៃអាទិត្យ ទីផ្សារភាគហ៊ុន និង តម្លៃប្រាក់បាតថៃ បានធ្លាក់ចុះយ៉ាងខ្លំាង បន្ទាប់ពីការិយាល័យ ព្រះរាជវំាងថៃ បានប្រកាសពីស្ថានភាពមិននឹងនរនៃព្រះរាជសុខភាព របស់ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ហើយរយៈពេលបួនថ្ងៃបន្តបន្ទាប់នោះ តម្លៃភាគហ៊ុន និង ប្រាក់បាត បានធ្លាក់ចុះជាបន្តបន្ទាប់៕