(តាកែវ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានថ្លែងទទូចដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលកំពុងបម្រើការងារនៅខេត្តតាកែវ ត្រូវគោរពក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ ភាពទន់ភ្លន់ដាក់អ្នកជំងឺ មិនគាបសង្កត់ប្រជាជនក្រីក្រ ខិតខំធ្វើជាគ្រូពេទ្យដ៏ល្អ និងមានទំនុកចិត្តពីអ្នកជំងឺ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ មន្ទីរសុខាភិបាលខេត្តតាកែវ បានរៀបចំប្រារព្វទិវាអភិវឌ្ឍន៍ វិជ្ជាជីវៈវេជ្ជសាស្រ្ត និងសល្យសាស្រ្ដលើកទី៥ ក្រោមវត្តមានលោកវេជ្ជបណ្ឌិត ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈ គ្រូពេទ្យជាតិ។
ក្នុងពិធីនេះ លោកវេជ្ជបណ្ឌិត ធា គ្រុយ បានថ្លែងឲ្យដឹងថា បច្ចុប្បន្នខេត្តតាកែវមិនមានគ្រូពេទ្យណាដែលមិនបានចុះឈ្មោះ នៅក្នុងគណៈ គ្រូពេទ្យនោះទេទាំងសេវារដ្ឋ និងឯកជន។ ដោយឡែក បន្ទប់ពិគ្រោះជំងឺ បន្ទប់ថែទាំជំងឺបន្ទប់ព្យាបាលធ្មេញមួយចំនួន ដែលកំពុងតែដំណើរ ការនៅក្នុងខេត្តបាន និងកំពុងតែសុំច្បាប់ជាបន្តបន្ទាប់ ក៏ប៉ុន្តែការព្យាបាលនៅមិនទាន់គោរពតាមក្រមសិលធម៌វិជ្ជាជីវៈ បានល្អមួយរយ ភាគរយនោះទេ។
លោកបន្ថែមទៀតថា «បញ្ហាទាំងអស់នេះតាងនាមឲ្យមន្ទីរសុខាភិបាលយើងនិងប្រឹងប្រែងបន្ថែមទៀត ឲ្យគ្រូពេទ្យទាំងអស់ ទាំងរដ្ឋ និងឯកជនឲ្យគោរពក្រមសីលធម៌ វិជ្ជាជីវៈសេចក្ដីថ្លៃថ្នូរ ភាពទន់ភ្លន់ដាក់អ្នកជំងឺ មិនគាបសង្កត់ប្រជាជនក្រីក្រ និងខិតខំធ្វើជាគ្រូពេទ្យដ៏ល្អ និងមានទំនុកចិត្តពីអ្នកជំងឺ»។
លោកបន្តថា «គ្រូពេទ្យណាដែលមិនបានចូលជាសមាជិកគណៈគ្រូពេទ្យ គឺមិនមានសិទ្ធិពិនិត្យព្យាបាល ជំងឺនោះទេ»។ នៅក្នុងឱកាសនោះ លោកបានធ្វើការណែនាំឲ្យក្រុមគ្រូពេទ្យទាំងអស់ ត្រូវមានអាកប្បកិរិយាល្អដាក់អ្នកជំងឺមិនត្រូវប្រើសំដីមិនសមរម្យ ដាក់អ្នកជំងឺដែលនាំឲ្យ មានការរិះគន់ពីអ្នកជំងឺ ជាពិសេសក្រុមគ្រូពេទ្យទាំងអស់ត្រូវពង្រឹងវិន័យឲ្យបានតឹងរឹង ដោយក្នុងនោះហាមដាច់ខាត ចំពោះគ្រូពេទ្យ ដែលត្រូវវេនយាមប្រចាំការត្រូវតែនៅកន្លែងដោយមិនត្រូវចេញក្រៅមន្ទីរពេទ្យនោះទេ។
លោកសង្កត់ធ្ងន់ថា «បើសិនជាមានគ្រូពេទ្យណាចេញទៅក្រៅពេលដែលត្រូវវេណយាមប្រចាំការរបស់ខ្លួននោះ យើងនឹងដាក់វិន័យ រដ្ឋបាល ជាក់ជាពុំខាន»៕