CNRP នឹងរៀបចំពិធីបង្សុកូល គោរពវិញ្ញាណក្ខន្ធថ្វាយ ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ នៅថ្ងៃស្អែក
14-10-2016 13:41
(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណបក្សសង្រ្គោះជាតិ នឹងរៀបចំពិធី បង្សុកូលគោរពវិញ្ញាណក្ខន្ធថ្វាយ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ អតីព្រះមហាក្សត្រកម្ពុជា នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ស្អែកនេះ។
នៅក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ក្រៅពីការរៀបចំពិធីខាងលើនេះ តំណាងគណបក្សសង្រ្គោះជាតិ ក៏នឹងចូលរួម គោរពវិញ្ញាណក្ខន្ធ លោក កែម ឡី នៅវត្តចាស់ផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គ បានសោយ ទីវង្គត នៅទីក្រុងប៉េកាំងប្រទេសចិន គិតមកដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ គឺមានរយៈពេល៤ ឆ្នាំហើយ ដែលព្រះអង្គបានលាចាកទៅឆ្ងាយ ពីប្រជារាស្រ្តខ្មែររបស់ព្រះអង្គ៕