(កំពង់ធំ)៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការណែនាំពីលោក នួន ផារ័ត្ន អភិបាលខេត្ត និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ, ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការីទៅសំណេះសំណាលសាកសួរសុខទុក្ខ និងពង្រឹងតួនាទីភារកិច្ចដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញតួនាទីភារកិច្ច ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅទីបញ្ជាការស្រាលតំបន់ជាំក្រ៣ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក។
លោកបានកោតសរសើរ និងថ្លែងអំណរគុណកងកម្លាំងចម្រុះទាំងអស់ដែលបានសហការគ្នាក្នុងការបំពេញភារកិច្ចក្នុងរយៈពេលជាង ៧ខែកន្លងទៅនេះទទួលបានជោគជ័យគួរជាទីមោទនៈ ដោយយើងបានការពារ ទប់ស្កាត់មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើជាកម្មសិទ្ធិបានឡើយ។
លោកបានបញ្ជាក់ថា «យើងបានរកឃើញផ្ទៃដីដែលលួចកាប់បន្ទ្រាននាពេលកន្លងទៅជាង ២៥០០ហិកតា ដែលបច្ចុប្បន្នយើងកំពុងធ្វើការគ្រប់គ្រង និងស្រាវជ្រាវវែករកមុខជនសង្ស័យប្រព្រឹត្តល្មើស ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ហើយផ្ទៃដីដែលរឹបអូសបានយើងកំពុងការពារមិនឱ្យមានការបាត់បង់ព្រមទាំងបានដាំស្ដារព្រៃឈើឡើងវិញបានប្រមាណជាង៥ម៉ឺនដើមផងដែរ»។
លោកបានប្រគល់ភារកិច្ចជូនកងកម្លាំងចម្រុះទាំងអស់ ត្រូវប្ដេជ្ញាចិត្តដាច់ខាតការពារ ទប់ស្កាត់ឲ្យបានមិនឲ្យមានការកាប់ទន្ទ្រានជាថ្មីទៀតបានជាដាច់ខាត ពិសេសក្នុងរដូវប្រាំងនេះ ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះជនទាំងឡាយណា ដែលនៅតែបំពានកាប់ទន្ទ្រានព្រៃឈើបំផ្លាញធនធានធម្មជាតិ ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែងដើម្បីចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនកងកម្លាំងចំរុះនៅទីបញ្ជាការស្រាលតំបន់ជាំក្របីមាន ប្រេងសាំងចំនួន ២០០លីត្រ អង្ករចំនួន២០០គីឡូក្រាម មីជាតិចំនួន១០កេស ត្រីខកំប៉ុងចំនួន ១០យួរ ទឹកត្រីទឹកស៊ីអ៊ីវចំនួន៤យូរ ថ្នាំពេទ្យ និងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជូនដល់កងកម្លាំងចម្រុះ ដើម្បីបន្តសកម្មភាព ដោយគ្មានការដកថយឡើយ។
លោក អ៊ី វិចអុល មន្ត្រីឧទ្យានុរៈបរិស្ថាន និងជាប្រធានទីបញ្ជាការស្រាលតំបន់ជាំក្របី បានឡើងរាយការណ៍អំពីការលំបាក ការងាយស្រួល និងបញ្ហាប្រឈមនានាមួយចំនួន ក្នុងការបំពេញភារកិច្ចនាពេលកន្លងទៅ និងបានប្តេជ្ញាចិត្ត អនុវត្តឱ្យបានជោគជ័យតាមផែនការនិងភារកិច្ចដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំបានប្រគល់ជូន៕