Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទះពលរដ្ឋរាប់រយខ្នង នៅឃុំចំនួន៤ ក្នុងស្រុកមង្គលបូរី កំពុងប្រឈមការជន់លិច ដោយទឹកភ្លៀង តែស្ថានភាពមិនទាន់ត្រូវប្រកាសអាសន្ន

14-10-2016 13:32

(បន្ទាយមានជ័យ)៖ លោក ឡុង ពុន អភិបាលស្រុកមង្គលបុរី នៅព្រឹកថ្ងៃទី១៤ ខែតុលានេះ បានបញ្ជាក់ថា មកដល់ពេលនេះ មានឃុំចំនួន៤ នៅក្នុងស្រុកមង្គលបុរី គឺឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក និងឃុំបត់ត្រង់ បាននិងកំពុងប្រឈមរងការជន់លិច ដោយទឹកភ្លៀង បើសិនភ្លៀងនៅតែបន្តធ្លាក់ ដោយសារទឹកស្ទឹងមង្គលបុរី កំពុងហូរចាក់ពីស្ទឹងបវេល ខេត្តបាត់ដំបង។ ប៉ុន្ដែស្ថានភាពទឹក មិនទាន់ដល់កំរិតប្រកាសអាសន្ននៅឡើយនោះទេ។

អាជ្ញាធរបានឲ្យដឹងថា នៅស្រុកមង្គលបុរីនោះដែរ ផ្លូវលំ១ខ្សែ ដែលចេញពីឃុំចំណោម ដល់ភូមិសាយសាម៉ន ត្រូវបានទឹកជំនន់ហូរ កាត់ផ្តាច់ជាច្រើនកន្លែង បង្កឱ្យមានការលំបាកនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ហើយការជន់លិចនោះ មិនទាន់មានសេចក្តីរាយការណ៍ថា លិចលំនៅដ្ឋានប្រជាពលរដ្ឋ នៅឡើយនោះទេ។

យ៉ាងណាមិញលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ស្រុកមង្គលបុរី មកដល់ពេលនេះ មិនទាន់មានការជន់លិចទឹកជំនន់ធ្ងន់នោះទេ ទន្ទឹមដែលការបង្កបង្កើនផលស្រូវ នៅស្រុកមង្គលបុរី មានទិន្នផលកើនឡើងសម្រាប់ឆ្នាំនេះ ហើយដំណាំស្រូវមួយចំនួន រងការជន់លិច ប៉ុន្តែគ្រាន់តែរងផលប៉ះពាល់ប៉ុណ្ណោះ ដំណាំស្រូវដែលលិចលង់អាចរងការខូចខាត បើសិនភ្លៀងនៅតែបន្តធ្លាក់ទៀតនោះ រីឯចំនួនផ្ទៃដីដំណាំស្រូវដែលលិចលង់ មិនទាន់ដឹងចំនួនពិតប្រាកដនៅឡើយនោះទេ រង់ចាំមន្ត្រីមូលដ្ឋានចុះស្រាវជ្រាវនោះសិន។

ពាក់ព័ន្ធ និងបញ្ហាទឹកជំនន់នេះដែរ នៅស្រុកព្រះនេត្រព្រះ ក្នុងឃុំទឹកជោរ និងឃុំប្រាសាទ ក៏មានការជន់លិច ដោយទឹកភ្លៀងនោះដែរ សាលារៀន មណ្ឌលសុខភាព ផ្លូវលំ និងដំណាំស្រូវ មួយចំនួនរងការជន់លិច ផងនោះទៀត។ ដោយឡែក នៅក្រុងប៉ោយប៉ែត ជាប់នឹងប្រទេសថៃ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ប្រាប់ឱ្យដឹងថា មិនទាន់មានបញ្ហាទឹកជំនន់អ្វីឡើយ នោះទេ។លោកថា អាជ្ញាធរក្រុង តែងតែទំនាក់ទំនងជាមួយ និងគណៈកម្មាធិការគ្រោះមហន្តរាយរបស់ថៃដោយ គេមិនទាន់ជូនដំណឹង ពីភាពប្រកាសអាសន្នបញ្ហាទឹកជំនន់ដល់ភាគីកម្ពុជា នៅឡើយនោះទេ ដោយអាជ្ញាធរក្រុង កំពុងតាមដានស្ថានភាពទឹកជំនន់ នៅក្នុងប្រទេសថៃ ជាប្រចាំ៕