(ភ្នំពេញ)៖ ក្រុមការងារនៃក្រុមហ៊ុន UK Condo (UK មនុស្សធម៌) បានចុះចែកបាយកញ្ចប់ និងទឹកបរិសុទ្ធ ជាង១ពាន់កញ្ចប់ ជូនដល់ប្រជាពលរដ្ឋក្រីក្រី ដែលកំពុងសម្រាកព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ព្រមទាំងបានចែកជូន នូវអង្ករខ្មែរមួយចំនួន ដល់បុគ្គលិកសុខាភិបាល ក្នុងមន្ទីរពេទ្យផ្សេងទៀតផងដែរ។
កម្មវិធីមនុស្សធម៌នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្របតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានអំពាវនាវដល់អ្នកធុរកិច្ច ក្រុមហ៊ុន រោងចក្រសហគ្រាស និងមន្រ្តីរាជការ ឱ្យជួយទិញស្រូវអង្ករពីប្រជាកសិករ ខណៈតម្លៃស្រូវអង្ករមានការធ្លាក់ចុះ។
លោក ឌី រ៉ាដា នាយកប្រតិបត្តិក្រុមហ៊ុន UK បានលើកឡើងថា ក្រុមហ៊ុន UK condo បានចូលរួមជាមួយរាជរដ្ឋាភិបាល តាមការអំពាវនាវរបស់ សម្ដេចតេជោ នាយករដ្ឋមន្រ្តី លើកិច្ចការមនុស្សធម៌ជាច្រើនលើក ដែលក្នុងនោះ ក្រុមហ៊ុនបានចែកអង្ករជូនបុគ្គលិកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន១៦តោន គិតជាទឹកប្រាក់ ជាង១ម៉ឺនដុល្លារ និង បើកលក់អង្ករផ្កាម្លិះ ជាង៦០តោន ដែលបានទិញពីប្រជាកសិករមកលក់ជូនពលរដ្ឋក្រីក្រ ក្នុងរាជធានីភ្នំពេញ ក្នុងតម្លៃថោក តាមរយៈលក់អង្ករមនុស្សធម៌ ទិញ១០គីឡូក្រាម ថែមជូន១០គីឡូក្រាម។
លោកបន្តថា ក្រៅពីនោះ ក្រុមហ៊ុនបានរៀបចំកម្មវិធី UK មនុស្សធម៌ចែកបាយជូនអ្នកជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផា គឺផ្តល់អាហារមួយពេល (១កញ្ចប់) ដល់ពលរដ្ឋខ្មែរដែលមកសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យខ្មែរ-សូវៀត ក្នុងបំណង ដើម្បីចែករំលែកទុក្ខលំបាកមួយគ្រារបស់ពួកគាត់ បើទោះជាមិនបានគ្រប់គ្នា តែនេះជាទឹកចិត្តមនុស្សធម៌ សម្រាប់ចូលរួមជួយដោះស្រាយបញ្ហាជាមួយរដ្ឋាភិបាល៕