(បាងកក)៖ របាយការណ៍កាលពីឆ្នាំ២០១១ កន្លងទៅនេះ បានបង្ហាញថាព្រះរាជាថៃ ព្រះអង្គម្ចាស់ ភូមិបុល អាប់ឌុលយ៉ាដេត ដែលត្រូវបានគេស្គាល់ថា ជាព្រះបាទរាមាទី៩នោះ មានទ្រព្យសម្បតិ្តសរុប គិតតម្លៃជាទឹកប្រាក់ប្រមាណ ៣០ពាន់លានដុល្លារ នេះបើយោងតាមប្រភពពីទស្សនាវដ្តី Forbes ដែលជា ទស្សនាវដ្តីដ៏ល្បីល្បាញរបស់អាមេរិក។ ព្រះអង្គម្ចាស់ ភូមិបុល ជាស្តេចដែលកាន់កាប់អំណាចយ៉ាងសម្បើម ដោយសារប្រជាប្រិយភាពបែបនេះហើយ ទើបធ្វើឲ្យទ្រង់ ក្លាយជាប្រធានបទ របស់មនុស្សយកមកវែកញែកពិភាក្សាជាញឹកញាប់។
ព្រះអង្គម្ចាស់ ភូមិបុល អាប់ឌុលយ៉ាដេត ជាស្តេចដែលបានសោយរាជ្យសម្បត្តិយូរជាងគេ និងជាស្តេច ដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោក ដែលបានរុញទម្លាក់ ស្តេចប្រេង ប្រុយណេ Sultan Bolkiah ឲ្យធ្លាក់ទៅលំដាប់ទីពីរវិញ។
ទ្រព្យសម្បត្តិដ៏ច្រើនមហាសាលរបស់ទ្រង់ មានប្រភពមកពីក្រុមហ៊ុនដ៏ធំប្រចាំប្រទេសថៃ CPB និងអចលនទ្រព្យជាច្រើនកន្លែង។ ក្នុងនោះរួមមានដីទំហំប្រហែល១៤គីឡូម៉ែត្រការ៉េ ដែលស្ថិតក្នុងទីក្រុងបាងកក ដែលរាជ្យវង្សានុវង្សទ្រង់កាន់កាប់ផ្ទាល់។ ផ្ទៃដី៧ភាគរយ នៃដីរបស់ទ្រង់លាតសន្ធឹងលើតំបន់ពាណិជ្ចកម្ម ដោយត្រូវបានដាក់ជួលប្រចាំឆ្នាំ ដែលមានតម្លៃថ្លៃជាងទីផ្សាររហូតដល់៤ភាគរយ។ ក្នុងឆ្នាំ២០១០ ប្រាក់ចំណូលបានមកពីអចលនទ្រព្យ មានចំនួន ២,៥ពាន់លានបាត ដែលស្មើនឹង៨០លានដុល្លារ។ ទីតាំងដ៏សំខាន់មួយនៃដីរបស់ទ្រង់ ស្ថិតនៅក្បែរ Central World ហាងលក់ទំនិញធំៗ។ ទីតាំងផ្សេងទៀត មាននៅក្បែរសណ្ឋាគារធំៗចំនួនបួននៅក្នុងប្រទេសថៃ។ ក្រុមហ៊ុន CPB បានបញ្ជាក់ថា ខ្លួនមានកិច្ចសន្យាជួលដីរហូតដល់ ៤០ពាន់កន្លែង ដែលក្នុងចំណោមនោះមាន ១៧ពាន់កន្លែង ស្ថិតនៅក្នុងទីក្រុងបាងកក។
ថ្មីៗនេះទ្រង់បានធ្វើការវិនិយោគទៅលើក្រមហ៊ុនធានារ៉ាប់រង Deves ជាលក្ខណៈឯកជនផងដែរ។ ដើម្បីឲ្យកាន់តែងាយស្រួលក្នុងការវាយតម្លៃទៅលើ ទ្រព្យសម្បត្តិរបស់ទ្រង់គឺ ក្រុមហ៊ុន CPB មាន ភាគហ៊ុន ២៣ភាគរយ ក្នុងធនាគារ Siam Commercial ដែលជាធនាគារធំជាងគេនៅប្រទេសថៃ ដែលធនាគារនេះមានទឹកប្រាក់ចំនួន១៣ពាន់លាន់។
ទ្រង់មានភាគហ៊ុនក្នុងក្រុមហ៊ុន CPB នេះ ៣២ភាគរយ ដែលមានតម្លៃជាទឹកប្រាក់ ១២.៦ពាន់ លានដុល្លារ នៅក្នុងឧស្សាហកម្ម ។ ក្រុមហ៊ុន CPB មានប្រាក់ចំណូលសរុបប្រមាណ ៩ ទៅ ១១ពាន់ លានបាតក្នុងមួយឆ្នាំៗ គិតចាប់ពីឆ្នាំ២០០៨មក។ ហេតុនេះបើទោះបីជាប្រទេសថៃជួបវិបត្តិនោះ (វិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៩) ទ្រង់នៅតែអាចរកបានប្រាក់ ២៩០លានដុល្លារថែមទៀតដែរ។
បើប្រៀបធៀបនឹងសហគ្រាសដ៏មានជាងគេក្នុងប្រទេសថៃ របស់លោក Dhanin Chearavanont ស្ថាបនិករបស់ក្រុមហ៊ុន CP Group ដែលមានតម្លៃជាទឹកប្រាក់ ៧,៤ពាន់លានដុល្លារនោះ ក្រុមហ៊ុន របស់ស្តេចថៃនៅតែមានទំហំធំជាង។ ហេតុនេះហើយបានជាទស្សនាវដ្តី Forbes បានដាក់ទ្រង់ក្នុង ចំណាត់ថ្នាក់ជាស្តេច ដែលមានជាងគេក្នុងប្រទេសថៃ និងពិភពលោក។
ជាអកុសលថ្មីៗនេះ ប្រភពពីសារព័ត៌មានទាំងក្នុងស្រុក និងអន្តរជាតិបានឲ្យដឹងថា ស្ថានភាពសុខភាព របស់ទ្រង់ធ្លាក់ដុនដាបកាន់តែធ្ងន់ធ្ងរ ដោយបានបង្កក្តីបារម្ភ រហូតប្រជាពលរដ្ឋថៃជាច្រើននាក់ បានប្រមូលផ្តុំគ្នានៅក្បែរមន្ទីរពេទ្យ ដើម្បីធ្វើការបន់ស្រន់ ក្នុងបំណងសូមបួងសួងឲ្យស្ថានភាពជំងឺទ្រង់ បានប្រសើរឡើងវិញ។ សូមជម្រាបថា បើទោះបីជាស្ថានភាពជំងឺរបស់ទ្រង់ កាន់តែធ្ងន់ធ្ងរជាលំដាប់ក៏ដោយតែទ្រង់នៅតែបន្តសម្រាកព្យាបាលក្នុងប្រទេសថៃ ដោយមិនស្វែងរកការព្យាបាល នៅក្រៅប្រទេសឡើយ៕