(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសជំហរបន្ដប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ពិសេសអំពើជួញដូរមនុស្ស និងលើកកម្ពស់ការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់កលល្បិចរបស់ឧក្រិដ្ឋជន។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស ១២ធ្នូ» លើកទី១៨ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរ មនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បន្ដអនុវត្តរាល់បទដ្ឋានដែលជាប្រយោជន៍ដល់ ការលើកកម្ពស់ការគោរពសិទ្ធិ និងកិច្ចការពារសុវត្ថិភាពមនុស្សជាតិ។

ពីលើវេទិកាដ៏មានសារៈសំខាន់នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមប្រកាសជាឱឡារិកថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដការប្ដេជ្ញាចិត្តខ្ពស់ប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស និងលើកកម្ពស់ការទប់ស្កាត់ និងបង្ក្រាបរាល់កលល្បិចនៃឧក្រិដ្ឋជន បន្ដអនុវត្តរាល់បទដ្ឋានដែលជាប្រយោជន៍ការលើកកម្ពស់គោរពសិទ្ធិមនុស្ស»

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, ឧក្រិដ្ឋទាំងអស់នេះ គឺជាបញ្ហារួមដែលកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងដំណើរការនៃការរៀបចំអនុម័ត អនុសញ្ញាអាស៊ានប្រឆាំងការជួញដូរមនុស្ស, កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្ដរប្រវេសដោយសុវត្ថិភាព របៀបរៀបរយ និងស្របច្បាប់ ហៅកាត់ថា GCM រហូតត្រូវបានការទទួលស្គាល់ពី អង្គការសហប្រជាជាតិផ្នែកទេសន្ដរប្រវេសថា ជាប្រទេសជ័យលាភីនៃគំនិតផ្ដួចផ្ដើមរបស់កតិកាសញ្ញាពិភពលោកស្ដីពីទេសន្ដរប្រវេស ក្នុងការប្ដេជ្ញាចិត្តខ្ពស់ការពារផលប្រយោជន៍ និងសិទ្ធិស្របច្បាប់របស់ពលករទេសន្ដរប្រវេស និងការពារពួកគេពីភាពរងគ្រោះដោយការរំលោភបំពាន និងការកេងប្រវ័ញ្ចគ្រប់ប្រភេទ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវក្ដីសង្ឃឹមថា ប្រទេសជាមិត្តទាំងឡាយ នឹងអនុវត្តដូចគ្នាដើម្បីជាឆន្ទៈនូវការគោរព និងការរក្សាកិត្តិយសគ្នាទៅវិញទៅមក និងដើម្បីជាកម្លាំងរួមដើម្បីប្រយុទ្ធប្រឆាំងសត្រូវរួម គឺឧក្រិដ្ឋកម្មឆ្លងដែន ដែលបាននិងកំពុងបំផ្លាញសេចក្ដីសុខរបស់ប្រជាពលរដ្ឋ។ ក្នុងនាមជាប្រទេសជិតខាងល្អ និងប្រទេសក្នុងតំបន់ កម្ពុជាជឿជាក់ថា នឹងបន្ដកិច្ចសហប្រតិបត្តិការល្អដោយមិនធ្វើការសន្និដ្ឋានចោទប្រកាន់ដោយខ្វះការសិក្សាស្វែងយល់អំពីសភាពការណ៍ពិតដែលនាំឲ្យប៉ះពាល់ដល់ចំណងមិត្តភាព និងកិច្ចសហការល្អឡើយ។

ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំថ្នាក់ដឹកនាំ, មន្រ្តីរាជការ, អាជ្ញាធរ, កម្លាំងសមត្ថកិច្ច និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ខិតខំតាមដានបាតុភាព និងបទល្មើសផ្សេងៗ និងបង្កើនការយកចិត្តទុកដាក់គ្រប់គ្រងព្រំដែន និងរំហូរឆ្លងកាត់ព្រំដែន គ្រប់ទីតាំងឲ្យបានគត់មត់ ដើម្បីទប់ស្កាត់មូលហេតុរួមផ្សំ ដែលនាំឲ្យមានអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ក្រើនរំលឹកដល់ប្រជាជនគ្រប់រូប គប្បីរួមសហការគ្នា ការពារទប់ស្កាត់រាល់បទល្មើស ការពារកូនចៅ និង អ្នករស់នៅក្នុងសហគមន៍ ពីភាពរងគ្រោះ និងគប្បីផ្តល់ការអនុគ្រោះជួយការពារគាំទ្រ និង អប់រំព្យាបាលរបួសផ្លូវចិត្តជនធ្លាប់រងគ្រោះ និង ជួយតម្រង់ទិសទៅរកភាពរីកចម្រើន។ លើសពីនេះប្រជាជនគប្បីរាយការណ៍សហការ និង គាំទ្រអាជ្ញាធរ និងសមត្ថកិច្ចឱ្យធ្វើការស៊ើបអង្កេត និង បង្ក្រាបបទល្មើស និង ជនល្មើស ដើម្បីសុវត្ថិភាពសហគមន៍ ហើយត្រូវចៀសវាង កុំចូលរួម, កុំគាំទ្រ, កុំប្រព្រឹត្ត និង កុំទទួលផលពីអំពើទុច្ចរឹត៕