(កណ្ដាល)៖ ករណីបាក់ច្រាំងទន្លេ បានកើតឡើងនៅវេលាទៀបភ្លឺថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ដោយសង្កត់ទៅលើទូក៣គ្រឿង ដែលបង្កឱ្យមនុស្ស៤នាក់គ្រោះថ្នាក់ ក្នុងនោះម្នាក់របួសស្រាល ពីរនាក់របួសធ្ងន់ និងម្នាក់ទៀតបាត់ខ្លួន។ គេមិនទាន់រកឃើញសាកសពនៅឡើយទេ រីឯអ្នករបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
ដឹងរឿងភ្លាម លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានចុះទៅពិនិត្យដល់ទីតាំង និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដើម្បីចៀសវាងនូវគ្រោះអកុសលនានា ដែលអាចកើតមានជាយថាហេតុ និងបានស្នើអាជ្ញាធរមូលដ្ឋានត្រូវរកកន្លែងសុវត្ថិភាពសម្រាប់ប្រជាជនស្នាក់នៅជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាព។
បើតាមរដ្ឋបាលខេត្តកណ្តាល ករណីបាក់ច្រាំងនេះ គឺដោយសារតែគ្រោះធម្មជាតិ ក្នុងនោះច្រាំងដែលបាក់ចូលទន្លេមេគង្គ គឺមានប្រវែងជាង៣០០ម៉ែត្រ ទទឹង៤០ម៉ែត្រ និងជម្រៅ៧ម៉ែត្រ។ ទីតាំងបាក់ស្រុតនេះ គឺកៀកនឹងលំានៅឋានរបស់ប្រជាពលរដ្ឋផងដែរ៕