(ព្រះវិហារ)៖ ក្រោមគំនិតផ្ដួចផ្ដើមរបស់អាជ្ញាធរខេត្តព្រះវិហារ និងការជួយជ្រោមជ្រែងទាំងផ្នែកបច្ចេកទេស និងថវិការបស់ក្រុមហ៊ុនសំវាសនា ខន់សឺវេនសិនស្ដេយ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានស្ដារ និងកែលម្អផ្ទះសំណាក់ត្មាតប៉ើយ នៅសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយធឿនក្រសាំង ក្រោមវត្តមានលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោក Robb Menzi នាយកប្រតិបត្តិស្តីទីនៃអង្គការ WCS។

ការកែលម្អសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយ មានដូចជា ផ្ទះស្នាក់សហគមន៍មានទទឹងប្រវែង០៨ម៉ែត្រ និងបណ្តោយប្រវែង៨.៨ម៉ែត្រ ចំនួន៦ខ្នង ព្រមទាំងអគារសម្រាប់ទទួលភ្ញៀវ និងកន្លែងទទួលទានអាហារទទឹង ប្រវែង១០ម៉ែត្រ និងបណ្តោយប្រវែង២០ម៉ែត្រ ចំនួន១ខ្នង។

លោក Robb Menzi បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល២៥ឆ្នាំ វត្តមានរបស់អង្គការ WCS នៅក្នុងប្រទេសកម្ពុជា បានក្លាយជាប្រទេសឈានមុខគេ ដែលមានបុគ្គលិករហូតដល់ ២៥០នាក់ ដែលធ្វើការលើការងារអភិរក្សធនធានធម្មជាតិ ជាពិសេសគឺការសិក្សាស្រាវជ្រាវអភិរក្សសត្វត្រយងយក្ស នៅក្នុងខេត្តព្រះវិហារ ដែលជាសត្វតំណាងឱ្យប្រទេសកម្ពុជា។

លោកបន្តថា ការបើកដ្ឋានកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្ទះសំណាក់ «ត្មាតប៉ើយ» នៅសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយធឿនក្រសាំងនេះ មិនត្រឹមតែជាទីតាំង សម្រាប់ភ្ញៀវអ្នកទេសចរ មកស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីតាំងសម្រាប់ភ្ញៀវទេសចរ មកលេងប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ បានចូលមកទស្សនាកេរដំណែលធម្មជាតិ ដ៏សម្បូរបែបនៅក្នុងតំបន់មួយនេះ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងធម្មជាតិ ជាមួយអ្នកទេសចរណ៍ផងដែរ។

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការសហគមន៍អង្គការអភិរក្សសត្វព្រៃ WCS ក្រុមហ៊ុន សំវាសនា ខន់សឺវេសិន ស្ដេយ អង្គការដៃគូ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការក្នុងការអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងសហគមន៍ តំបន់ការពារធម្ម ជាតិត្មាតប៉ើយធឿនក្រសាំងនេះ សម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសគឺការស្តារ និងកែលម្អផ្ទះសំណាក់របស់សហគមន៍ «ត្មាតប៉ើយ» ដែលជាគំរូអគារស្នាក់នៅសម្រាប់ភ្ញៀវទេសចរធម្មជាតិ ក្នុងស្រុក និងបរទេសក្រោមការចាត់ចែង និងគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយធឿនក្រសាំង។

ជាមួយគ្នានេះ លោកអភិបាលខេត្តព្រះវិហារ ក៏បានស្នើអ្នកពាក់ព័ន្ធទាំងអស់ បន្តគាំទ្រ និងបំពេញការងារជាមួយសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជាបន្តទៀត ដើម្បីអប់រំបរិស្ថាន ធម្មជាតិដល់ក្មេងជំនាន់ក្រោយ និងកិច្ចគាំពារបរិស្ថាន ការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ និងជួយបង្កើតទេសចរណ៍ធម្មជាតិជូនសហគមន៍ ដើម្បីលើកកម្ពស់ជីវភាពប្រជាជន ក្នុងមូលដ្ឋាន ផ្សារភ្ជាប់នឹងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការការពារធនធានធម្មជាតិ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការជំរុញការអភិវឌ្ឍ ទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតងស្អាត និងវៃឆ្លាត ជំរុញការបង្កើតប្រភេទទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ ទេសចរណ៍ធុរកិច្ច និងការរៀបចំដាក់ចេញគោលនយោបាយ និងផែនការមេសម្រាប់អភិវឌ្ឍវិស័យទេចរណ៍នានា គឺជាការចាំបាច់ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់៕