(ភ្នំពេញ)៖ បុណ្យផ្កាអប់រំ គឺជាព្រឹត្តិការណ៍មួយ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងបរិវេណអង្គការដើម្បីភាពញញឹមកុមារ (PSE)ដើម្បីជួយជ្រោមជ្រែងដល់ការអប់រំរបស់កុមារក្រីក្របំផុតក្នុងប្រទេសកម្ពុជា។

ក្រោមការរៀបចំផ្តួចផ្តើម ដោយ PSE និងសហព័ន្ធសេវាអប់រំនៅកម្ពុជា ជាមួយនឹងអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គំនិតផ្តួចផ្តើមប្រកបដោយសទ្ធាមួយនេះ បានបង្កើតឱកាសឱ្យមានការរៃអង្គាសនូវកម្លាំងសទ្ធាសាមគ្គីភាពមួយដ៏គួរឱ្យស្ញប់ស្ញែង។

ការបរិច្ចាគជាថវិកាត្រឹម ៥០ដុល្លារ ក្នុងមួយខែ ដល់ PSE នឹងផ្តល់ឱ្យកុមារក្រីក្រម្នាក់ទទួលបានការអប់រំមួយដ៏ពេញលេញមួយ ជាមួយនឹងសេវាសុខភាព អាហារ ការការពារ សកម្មភាពក្រៅម៉ោងសិក្សា ឯកសណ្ឋាន និងសម្ភារៈសិក្សា បានរយៈពេលមួយខែពេញនៅ PSE។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា បុណ្យផ្កាអប់រំ នឹងក្លាយជាការរៃអង្គាសថវិកាសប្បុរសក្នុងស្រុកដ៏ធំបំផុត និងដំបូងគេបង្អស់ សម្រាប់ការអប់រំដល់កុមារក្រីក្រ ធ្វើឡើងដោយភាគីពាក់ព័ន្ធនឹងវិស័យអប់រំនៅកម្ពុជា ហើយក៏មានសប្បុរសជនចូលរួមពីគ្រប់វិស័យ និងគ្រប់ទិសទីជាកម្លាំងសាមគ្គី ចំនួនជាង ១ ០០០នាក់។

តាំងពីបុរាណកាលមក «បុណ្យផ្កា» ជាកម្មវិធីបែបព្រះពុទ្ធសាសនាមួយក្នុងប្រទេសកម្ពុជា ដែលបង្កប់នូវទំនៀមទម្លាប់នៃសាមគ្គីភាពរបស់ប្រជាពុទ្ធបរិស័ទ ក្នុងការរួបរួមគៀរគរការបរិច្ចាគ ដើម្បីជួយគ្នាទៅវិញទៅមក ឬកសាងសមិទ្ធផលរួមក្នុងសហគមន៍។ ជាមួយគ្នា នេះដែរ «បុណ្យផ្កាអប់រំ» ក៏ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំកម្លាំងសាមគ្គីភាព ពីគ្រប់វិស័យអប់រំ ក្នុងក្របខណ្ឌក្រសួង អប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ទាំងគ្រឹះស្ថានអប់រំសាធារណៈ និងឯកជន) អាជ្ញាធរ សហគ្រាសឯកជន និងដៃគូអប់រំផ្សេងៗទៀត រួបរួមគ្នាដើម្បីឧបត្ថមគាំទ្រដល់ PSE ឱ្យនៅតែអាចបន្តផ្តល់ការអប់រំប្រកបដោយគុណភាពពេញលេញមួយទៅដល់កុមារក្រីក្របំផុត ក្នុងប្រទេសកម្ពុជា។

ព្រឹត្តិការណ៍នេះ មិនត្រឹមតែធ្វើឡើងក្នុងគោលបំណងរៃអង្គាសថវិកាជំនួយ មកកាន់អង្គការ PSE ប៉ុណ្ណោះទេ ប៉ុន្តែក៏មានពិធីកាត់ខ្សែបូសម្ពោធអគារសិក្សាថ្មីមួយផងដែរ។ ជារៀងរាល់ឆ្នាំ អគារនេះ នឹងអាចទទួលស្វាគមន៍ កុមារជាង ១ ០០០ នាក់ មកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយផ្តល់ឱ្យពួកគេនូវលទ្ធភាពទទួលបានការអប់រំមួយ ប្រកបដោយគុណភាព ដើម្បីឱ្យពួកគេមានអនាគតដ៏ភ្លឺស្វាងមួយនៅក្នុងសង្គម។

សប្បុរសជនដែលចូលរួមក្នុងនាមជាសហដើមបុណ្យផ្កា ក៏បានជួបទំនាក់ទំនងគ្នាជាមួយបណ្តាអ្នកដឹកនាំ និងមន្ត្រីសំខាន់ៗមកពីគ្រប់បណ្តាវិស័យអប់រំ និងបានទទួលស្តាប់នូវបាឋកថាលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងធម្មទេសនាពីសម្តេចព្រះព្រហ្ម រតនមុនី ពិន សែម សិរីសុវណ្ណោ និងកិច្ចជំនួបពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយគ្នាពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើម និងបទពិសោធន៍នានាលើការអភិវឌ្ឍវិស័យអប់រំ។

* អំពីអគារសិក្សាថ្មីដែលត្រូវបានដាក់សម្ពោធ
អគារថ្មីសម្រាប់សិស្សានុសិស្ស នៅក្នុងកម្មវិធីអប់រំចំណេះទូទៅថ្នាក់ពន្លឿនការសិក្សា ត្រូវបានសាងសង់ក្រោមជំនួយមូលនិធិសប្បុរសធម៌នានា ក្នុងអំឡុងឆ្នាំ២០២២ គឺជាហេដ្ឋារចនាសម្ព័ន្ធថ្មីបន្ថែមមួយទៀត ដែលជាជំនួយដល់កម្មវិធីអប់រំរបស់ PSE ។ អគារសិក្សាថ្មីមួយនេះ មានទំហំ ៣៦០០ ម៉ែត្រការ៉េ និងមានកម្ពស់ ៣ជាន់ ដែលមានបន្ទប់សិក្សាចំនួន ៤២ បំពាក់រួចជាស្រេចនូវកង្ហារ និងម៉ាស៊ីនបញ្ចាំង (LCD Projector)។ ក្នុងនោះ ក៏មាននូវបន្ទប់ពិសោធន៍ចំនួន២ ការិយាល័យបុគ្គលិកចំនួន១ និងបន្ទប់សម្រាប់គ្រូបង្រៀនដ៏ធំទូលាយចំនួន១ ផងដែរ។

អគារសិក្សាថ្មីនេះ ត្រូវបានរចនាឡើង ជាកន្លែងដែលផ្តល់នូវបរិយាកាសសិក្សារៀនសូត្រប្រកបដោយផាសុកភាព និងជាកម្លាំងចិត្តទៅដល់សិស្សានុសិស្សបានចំនួនជាង ១០០០នាក់។ អគារសិក្សាថ្មីរបស់ PSE មួយនេះ ត្រូវបានជាប់ចំណាត់ថ្នាក់ជាអគារអប់រំស្អាតជាងគេបំផុត ប្រចាំឆ្នាំ២០២៣ នៅលើគេហទំព័រស្ថាបត្យកម្មដ៏មានកិត្យានុភាពមួយគឺ ArchDaily។ ការទទួលបានការទទួលស្គាល់ជាអន្តរជាតិនេះ បង្ហាញពីភាពច្នៃប្រឌិត និងការយកចិត្តទុកដាក់ ពីបណ្តាអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងគម្រោងសាងសង់មួយនេះ។

ហេតុដូចនេះ PSE មានសេចក្តីសោមនស្សរីករាយធ្វើពិធីកាត់ខ្សែបូសម្ពោធអគារថ្មីនេះ នៅក្នុងថ្ងៃតែមួយនឹងកម្មវិធីបុណ្យផ្កាអប់រំ ដើម្បីអបអរសាទរការបញ្ចប់គម្រោងសាងសង់ដ៏អស្ចារ្យមួយនេះ ក្រោមការជួយឧបត្តមពីម្ចាស់ជំនួយ និងដៃគូរបស់ខ្លួន។ PSE ពិតជាសោមនស្ស ដែលអគារមួយនេះបានផ្តល់នូវឥទ្ធិពលវិជ្ជមាន ដល់ការសិក្សា និងភាពរីកចម្រើនរបស់កុមារ និងផ្តល់លទ្ធភាពឱ្យកុមារក្រីក្របំផុតបន្តទទួលបានការអប់រំដ៏ពេញលេញមួយ។

* អំពីអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)
អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) គឺជាអង្គការមិនរកប្រាក់ចំណេញមួយ ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៦ ដើម្បីជួយដល់កុមារក្រីក្រ និងងាយរងគ្រោះ ឱ្យពួកគេមានឱកាសចូលរួមក្នុងសង្គមដូចជាកុមារដទៃ ដោយផ្តល់នូវបរិយាកាសសុវត្ថិភាព និងសមស្របមួយសម្រាប់ពួកគេ ក្នុងការទទួលបាននូវការសិក្សាអប់រំ និងអាចរីកចម្រើនបានក្នុងសង្គមការងារទៅតាមសមត្ថភាពដែលពួកគេអាចធ្វើទៅបាន។ ក្រោមការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន អង្គការ PSE កំពុងធ្វើការយ៉ាងសកម្មជាមួយប្រជាជនកម្ពុជាលើសកម្មភាពអប់រំ ដោយគោរពទៅតាមផែនការយុទ្ធសាស្ត្ររបស់ប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

PSE មានសសរស្តម្ភសំខាន់ៗចំនួន៦ ដើម្បីបំពេញតម្រូវការកុមារ និងធានាបាននូវជោគជ័យលើបេសសកម្ម របស់ខ្លួន ដែលក្នុងនោះមានដូចជា កម្មវិធីអាហារូបត្ថម្ភ ការថែទាំសុខភាព ការការពារ និងការស្នាក់នៅ ការអប់រំទូទៅ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការគាំទ្រគ្រួសារ។ បច្ចុប្បន្ន PSE កំពុងមើលថែកុមារជាង ៦ ៥០០នាក់ ក្នុងកម្មវិធី។ និស្សិតដែលបានបញ្ចប់ការសិក្សាជាង ៧ ០០០ នាក់ ពីកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ PSE បាននិងកំពុងចូលរួមបម្រើការងារក្នុងទីផ្សារការងារដោយជោគជ័យ ជាមួយនឹងសមត្ថភាពជំនាញដែលពិតប្រាកដមួយទៅនឹងមុខតំណែងរបស់ពួកគេ។ពួកគេកំពុងរស់នៅជាមួយនឹងជីវភាពសមរម្យមួយ និងអាចជួយដល់ជីវភាពក្រុមគ្រួសាររបស់ពួកគេផងដែរ។

PSE មានបុគ្គលិកប្រហែល ៦៥០នាក់ នៅក្នុងប្រទេសកម្ពុជា (ដែលមានតួនាទីជាគ្រូបង្រៀន គ្រូបណ្តុះ បណ្តាលជំនាញ វេជ្ជបណ្ឌិត ជំនួយការសង្គម...។ល។) និងមានបុគ្គលិកចំនួន ៦នាក់ នៅប្រទេសបារាំង។ អ្នកស្ម័គ្រចិត្តជាង ៣០០ នាក់ នៅក្នុងប្រទេសផ្សេងៗគ្នា កំពុងធ្វើការយ៉ាងសកម្មលើការធ្វើឱ្យអង្គការ PSE ត្រូវបានគេស្គាល់ និងការរៃអង្គាសថវិកាជំនួយពីការបរិច្ចាគ និងការឧបត្ថម្ភនានា។ នៅឆ្នាំ២០០០ PSE បានទទួលពានរង្វាន់សិទ្ធិមនុស្សបារាំង ផ្តល់ជូនដោយប្រទេសបារាំងផ្ទាល់។ ថ្មីៗនេះ PSE ក៏ទទួលបានការទទួលស្គាល់ជាអង្គការសប្បុរសបារាំង (IDEAS Label) ដោយសមាគមអង្គការបារាំងផងដែរ៕