(កំពង់ធំ)៖ នៅរសៀល ថ្ងៃពុធ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំរបស់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ មានរៀបចំពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពងធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានពាំនាំការផ្តាំផ្ញើការសួសុខទុក្ខ
ពីសំណាក់អភិសន្តិបណ្ឌិត​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាល​ ជូនដល់ ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិទាំងអស់​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្មលើការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ និងសង្គមជាតិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ទន្ទឹមនេះដែរលោកបានបានពិនិត្យវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចប្រតិបត្តិការ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងផ្តល់អនុសាសន៍ណែនាំបន្ថែមពាក់ព័ន្ធការងារសន្តិសុខ បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ បទល្មើសបច្ចេកវិទ្យា ការគ្រប់គ្រងក្មេងទំនើង បទល្មើសល្បែងស៊ីសង និងឆបោក កម្ចីអនឡាញ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ការងារសណ្តាប់ធ្នាប់ដើម្បីធានារក្សាឱ្យបានសន្តិសុខជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងសូមយកចិត្តទុកដាក់លេីការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព​ ព្រមទាំងកិច្ចការងារសំខាន់ៗ មួយចំនួនទៀត។

ជាមួយគ្នាផងដែរ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានប្រគល់ម៉ូតូ ចំនួន ០៤គ្រឿង ដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់ស្នងការរដ្ឋាននគរបាលខេត្តសម្រាប់បម្រើការងារ។