(បាងកក)៖ រាជរដ្ឋាភិបាលថៃ បានចេញសេចក្តីប្រកាសឲ្យមានការឈប់សម្រាកនៅទូទាំងប្រទេស នៅថ្ងៃសុក្រនេះ សម្រាប់ផ្តល់ឱកាសឲ្យប្រជាជននៃរាជាណាចក្រថៃ ធ្វើការកាន់ទុក្ខ ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត ដែលបានសោយទិវង្គត នៅរសៀលថ្ងៃព្រហស្បតិ៍ ក្នុងព្រះជន្មាយុ ៨៨ ព្រះវស្សា នៅឯមន្ទីរពេទ្យសិរីរាជ្យ នៃរាជធានីបាងកក ប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច នាព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០១៦។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ បញ្ឈប់សម្មភាពកម្សាន្តសប្បាយ រីករាយនានា នៅក្នុងរយៈពេលចំនួនមួយខែ គិតចាប់ពីថ្ងៃសុក្រនេះតទៅ។ ចំណែកឯព្រះសព របស់ព្រះមហាក្សត្រថៃ ត្រូវបានរៀបចំនឹងបញ្ជូនចេញពីមន្ទីរពេទ្យសិរីរាជ្យ ទៅកាន់ព្រះបរមរាជវាំង ដែលជាបេះដូងនៃរាជធានីបាងកក។
ម្យ៉ាងវិញទៀត ប្រជាជនថៃរាប់ម៉ឺននាក់ ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅកាន់មន្ទីរពេទ្យសិរីរាជ្យ និងព្រះរាជវាំង ក៏ដូចជាកន្លែងផ្សេងៗទៀតនៅទូទាំងប្រទេស ដើម្បីកាន់ទុក្ខក្រោយការសោយទីវង្គត របស់ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត ដែលជាក្សត្រដែលទទួលបានការគោរពស្រឡាញ់ ជាទីបំផុតពីសំណាក់ប្រជារាស្រ្តថៃ និងជាក្សត្រដែលបានគ្រងរាជ្យយូរជាងគេបង្អស់លើលោក រហូតដល់ទៅ ៧០ ឆ្នាំ។
ទន្ទឹមគ្នានេះដែរ នៅលើបណ្តាញទំនាក់ទំនងសង្គម ប្រជាជនថៃជាច្រើន បានផ្លាស់ប្តូររូបភាពគណនី របស់ពួកគេទៅជាពណ៌សនិងខ្មៅ រីឯគេហទំព័រថៃនានា ក៏បានផ្លាស់ប្តូរពណ៌របស់ពួកគេដូចគ្នា ដើម្បីសម្តែងការកាន់ទុក្ខចំពោះ ព្រះមហាក្សត្រជាទីគោរពស្រឡាញ់បំផុតរបស់ពួកគេ៕