(ភ្នំពេញ)៖ នៅពេលដ៏ខ្លីខាងមុខនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) នឹងចុះMOU ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ហើយក្រោយចុះ MOU ជាមួយគ្នាហើយ រាល់កំណត់ហេតុ ព្រមព្រៀង បញ្ចប់វិវាទដែលធ្វើឡើងដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មានអានុភាព អនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក បណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ តំណាងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ខណៈលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «បេសកកម្ម នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» ជូនដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ នៃរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។
លោកបណ្ឌិត ជិន ម៉ាលីន បានថ្លែងថា សិក្ខាសាលាផ្សព្វផ្សាយស្តីពី «បេសកកម្ម នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» យើងបានធ្វើឡើងចំនួន៩ខេត្តហើយ និងបានចុះMOUជាមួយខេត្តចំនួន៣រួចហើយនោះគឺខេត្តកណ្តាល បាត់ដំបង និងខេត្តកំពង់ឆ្នាំង។
លោកបណ្ឌិត បន្តថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) ត្រូវបានបង្កើតឡើងដោយ ព្រះរាជក្រឹត្យលេខ នស/រកត/១១២៣/២៣៨១ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ។ ការបង្កើត អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) គឺជាផ្នែកមួយនៃ កម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងជាការអនុវត្តនូវកិច្ចការអាទិភាព ១ ក្នុង ចំណោមកិច្ចការអាទិភាពទាំង ៣ នៃវិធានការគន្លឹះទី ៥ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជា យន្តការថ្មីមួយបំពេញបន្ថែមឱ្យ យន្តការដោះស្រាយវិវាទដែលមានស្រាប់នៅកម្ពុជា ដែលមានបេសកកម្មជួយដោះស្រាយ វិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ។ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ នេះ មានសារសំខាន់ ៣៖ ជួយកាត់បន្ថយការកកស្ទះសំណុំរឿង នៅតាមសាលាជម្រះក្តី, បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន, ធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា សិក្ខាសាលានេះគឺ ដើម្បីបញ្ជាបការយល់ដឹងជាសាធារណៈ ជូនដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដើម្បីពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផល នៃការផ្តល់សេវា ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុង មូលដ្ឋាន ឱ្យកាន់តែប្រសើរឡើង។
លោក កើត ឆែ បញ្ជាក់ថា រដ្ឋបាលសង្កាត់ និងរដ្ឋបាលខណ្ឌទាំង១៤ មានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទ មូលដ្ឋាន ជាសេនាធិការ នៅតែដើរតួនាទីសំខាន់ ឬជាអង្គភាពដើមទី ក្នុងការ ទទួលដោះស្រាយវិវាទជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ដោយឡែក អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការ ឬជាជម្រើសបន្ថែម សម្រាប់ជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋ កាន់តែមានប្រសិទ្ធភាព ដោយហេតុថារាល់កំណត់ហេតុព្រមព្រៀង បញ្ចប់វិវាទដែលធ្វើឡើងដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ មានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។
លោក កើត ឆែ បន្តថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទបច្ចុប្បន្ននៅកម្ពុជា ដោយប្រើប្រាស់យន្តការសម្រុះសម្រួល ផ្សះផ្សារក្រៅប្រព័ន្ធតុលាការ តាមរយៈ សូចនាករចំនួន ២ រួមមាន (ទី១) ការរក្សាបាននូវចរិតនៃការដោះស្រាយ វិវាទក្នុងមូលដ្ឋាន ស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និង (ទី២) ការបញ្ចប់វិវាទ ឬ ការរំលត់វិវាទដែលកើតមានឡើងនៅមូលដ្ឋាន ជាក់ស្តែង សំដៅចូលរួមចំណែកកាត់បន្ថយសំណុំរឿងនៅតាមសាលាជម្រះក្តីគ្រប់កម្រិត៕