(ភ្នំពេញ)៖ ករណីជនដៃដល់ កាប់ប្រហារមន្រ្តីនគរបាលម្នាក់៣ពូថៅ ដេរ៦៨ថ្នេរ នៅខណ្ឌដង្កោ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន នៅខេត្តស្វាយរៀងនោះ ត្រូវបានតំណាងអយ្យការ បានសម្រេចចោទប្រកាន់លើបុគ្គលឈ្មោះ អ៉ិត ឆេងហ៊ត ភេទប្រុស ពីបទ ប៉ុនប៉ងឃាតកម្ម តាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមបញ្ជាក់ពីលោក ឆាយ ហុង អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
សូមរំលឹកថា បុគ្គលឈ្មោះ អ៉ិត ឆេងហ៊ត ជាជនដៃដល់ ដែលបានធ្វើសកម្មភាព កាប់ប្រហារលើបុរសម្នាក់ចំនួន៣ពូថៅ ដេរ៦៨ថ្នេរ បញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល ជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការស្រាវជ្រាវចាប់ខ្លួនបាន នៅខេត្តស្វាយរៀង។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា នៅពេលមានបទល្មើសកើតឡើង លោកបានបញ្ជាកម្លាំងធ្វើការស្រាវជ្រាវភ្លាមៗដោយយកចិត្តទុកដាក់ និងឈានដល់ការចាប់ខ្លួនបានជនដៃដល់ ហើយបញ្ជូនមកធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់បែបនេះថា «មានករណីកើតឡើងយើងខ្ញុំមិនដែលទុកចោលនោះទេ ខ្ញុំតាមដានដឹកនាំជំនាញជាប្រចាំក្នុងការស្រាវជ្រាវ! ដូចករណីនេះជាដើម យើងតាមឃាត់ខ្លួន ជាមួយសមត្ថកិច្ចនគរបាលខេត្តស្វាយរៀនបានហើយ»។
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ទៀតថា ដើមចមនៃហេតុការណ៍អំពើកាប់ប្រហារនេះ ផ្ដើមចេញពីទំនាស់ក្នុងទំនាក់ទំនងស្នេហា។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានផ្ដាំផ្ញើដល់អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ដែលតែងធ្វើការវាយប្រហារមកលើកម្លាំងសមត្ថកិច្ច ថាមិនមានចំណាត់ការចំពោះជនល្មើសក្រោយធ្វើសកម្មភាព ផ្ទុយទៅវិញលោកសង្កត់ធ្ងន់ថា នៅពេលមានបទល្មើសកើតឡើងសមត្ថកិច្ចជំនាញមិនដែលទុកចោលឡើយ ពោលបើកការស្រាវជ្រាវជាបន្ដបន្ទាប់តាមជំនាញវិជ្ជាជីវៈ និងវិធានការច្បាប់ មិនមែនធ្វើការតាមអារម្មណ៍នោះទេ៕