(អង់ការ៉ា, តួកគី)៖ ចៅប្រុសបង្កើត និងអនាគតចៅប្រសារ បានស្កាត់ទៅ​ទទួល​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ពេលសម្តេច​អញ្ជើញ​​ដល់ទីក្រុងអង់ការ៉ា ប្រទេសតួកគី។

ជាមួយការបង្ហោះរូបភាពជាមួយចៅប្រុសបង្កើត និងអនាគតចៅប្រសារ ដែលអញ្ជើញមកទទួលនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ចៅដទៃទៀត មិនបានទៅទទួលនោះទេ ព្រោះជាប់រៀន និងសុំទិដ្ឋាការចូលប្រទេសតួកគីមិនទាន់។

ចៅប្រុស និងអនាគតចៅប្រសារដែលធ្វើដំណើរទៅទទួលសម្តេចតេជោនាពេលនេះ ពួកគេកំពុងសិក្សានៅប្រទេសហគមន៍អឺរ៉ុប។

ចៅប្រុសបង្កើតដែលអញ្ជើញទៅទទួលសម្តេចតេជោនាពេលនេះ គឺជាកូនប្រុសរបស់លោក សុខ ពុទ្ធិវុធ និងលោកស្រី ហ៊ុន ម៉ាលី។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានអញ្ជើញដល់ទីក្រុងអង់ការ៉ា ប្រទេសតួកគី នៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការរយៈពេលពីរថ្ងៃ៕