(កែប)៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក អុឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកែប។
ក្នុងពិធីនេះមានការចូលរួមពី ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ប្រតិភូអមដំណើរ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានពន្ធធនាគារខេត្ត មេបញ្ជាការនគរបាលការពារព្រំដែនទឹកវរ:លេខ៤៣០ មន្ទីរអង្គភាពពាក់ព័ន្ធ លោក លោកស្រីស្នងការរង នាយករដ្ឋបាលខេត្ត អភិបាល-អធិការក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងនាយប៉ុស្តិ៍រដ្ឋបាល សរុបចំនួន១២២នាក់។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរង បាននាំនូវការផ្តាំផ្ញើរសួរសុខទុក្ខរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងនគរបាលទាំងអស់នៅក្នុងខេត្តកែប។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃរបស់កងកម្លាំងនគរបាលខេត្តកែបទាំងអស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានណែនាំដល់នគរបាលខេត្តកែបទាំងមូល ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសការពារសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិមកលេងកម្សាន្ដ ឲ្យបានល្អប្រកបដោយជំនឿ ជឿជាក់ និងទំនុកចិត្ត៕