(ភ្នំពេញ)៖ លោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារអន្តរក្រសួងរួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ចុះត្រួតពិនិត្យ ដើម្បីវាយតម្លៃលើការងារចំនួន ៣គម្រោង ស្ថិតនៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល។
សម្រាប់គម្រោងស្តារឡើងវិញនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សោម សុដេត នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។
*គម្រោងទី១៖ ការងារស្តារឡើងវិញផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ២,០៤០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ១,២ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយគ្រួសទទឹងម្ខាងៗ១ម៉ែត្រ សាងសង់លូមូលមុខមួយចំនួន ១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ចាប់ពី PK9+460 ដល់ PK11+500 ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (គម្រោងលេខ DRR-NC-2024-No.018)។
*គម្រោងទី២៖ ការងារជួសជុលផ្លូវក្រាលកៅស៊ូ DBST ចំនួន ០១ខ្សែ មាន៣កំណាត់ ប្រវែងសរុប ១,០០០ម៉ែត្រ ក្នុងនោះ (កំណាត់ទី១ ប្រវែង ៤០០ម៉ែត្រ ទទឹង ១ម៉ែត្រ សងខាង និងចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយគ្រួសទទឹងម្ខាងៗ ១ម៉ែត្រ កំណាត់ទី២ ប្រវែង ១៦០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ១ម៉ែត្រ និងកំណាត់ទី៣ ប្រវែង ៤៤០ម៉ែត្រ ទទឹង ១ម៉ែត្រ សងខាងចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយគ្រួស ទទឹងម្ខាងៗ ១ម៉ែត្រ) ស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ប្រវែង ១៨ម៉ែត្រ ទទឹង ៨ម៉ែត្រ លូប្រអប់មុខបីចំនួន ១កន្លែង លូមូលមុខបីចំនួន ១កន្លែង និងលូមូលមុខមួយចំនួន ១កន្លែង ស្ថិតនៅភូមិរ៉ា ឃុំត្បែងខ្ពស់ និងភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (គម្រោងលេខ DRR-NC-2023-No.074)។
*គម្រោងទី៣៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ១,៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងសាងសង់លូមូលមុខពីរចំនួន ០១កន្លែង ស្ថិតនៅភូមិ អន្លង់ព្រីង ទៅភូមិទែន ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (គម្រោងលេខ DRR-NC-2023-No.072)។ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក២១ កិច្ចត្រួតពិនិត្យប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម។
បន្ទាប់ពីបានចុះត្រួតពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ ដោយផ្តោតសំខានលើគុណភាព និងសោភ័ណភាពផ្លូវ ៣ខ្សែនេះរួចមក គណៈកម្មាធិការអន្តរក្រសួងបានវាយតម្លៃឯកភាពទទួលយកជាផ្លូវការ។ លោកបណ្ឌិត សៅ ជីវ័ន្ត ក៏បានផ្ដល់អនុសាសន៍ និងស្នើសុំដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាខ្សែផ្លូវនេះ ឱ្យបានគង់វង្សយូរអង្វែង ដោយកុំចាក់ដីខ្ពស់ជាងផ្លូវ កុំដឹកជញ្ជូនលើសទម្ងន់កំណត់ ពិសេសត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។
ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត សៅ ជីវ័ន្ត បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសងខាងផ្លូវ និងបានថ្លែងពាំនាំសារផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្ដីនឹករលឹកពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏ដូចជាលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកស្រី។ ជាមួយគ្នានេះលោកបានចែកជូននូវក្រមាម្នាក់១ទុកជាចំណងដៃដល់ប្រជាពលរដ្ឋផងដែរ៕