(អង់ការ៉ា, តួកគី)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញដល់រដ្ឋធានីអង់ការ៉ា ប្រទេសតួកគី ប្រកបដោយសុវត្តិភាព នៅវេលាម៉ោង ១៤៖៣០នាទីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ម៉ោងនៅរដ្ឋធានីអង់ការ៉ា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ។

ដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិអង់ការ៉ា សម្តេចតេជោ​ប្រធាន​​ព្រឹទ្ធសភា និងគណៈប្រតិភូ ទទួលបានការស្វាគមន៍យ៉ាង​កក់ក្តៅ​ពី​លោក អាឌុលកាឌៀ អាក់ហ្គូល (Abdulkadir AKGOL) ប្រធានក្រុមមិត្ត​ភាព​អន្តរសភាតួកគី-កម្ពុជា, លោក សុខ ជា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសតួកគី ព្រមទាំង​វត្តមានឥស្សរជនជាន់ខ្ពស់សភាតួកគី និងឥស្សរជនការទូត​របស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបទៀត។

នៅសាធារណរដ្ឋតួកគី សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយលោកសាស្ត្រាចារ្យបណ្ឌិត នូម៉ង់ គ័រទុលមុស ប្រធានរដ្ឋសភាតួកគីយេ និងជួបសម្តែងការគួរសមនិងពិភាក្សា ការងារជាមួយលោក រេជីប ថាយយ៉ុប អ៊ែរដ៏វ៉ាន់ ប្រធានាធិបតីតួកគីយេ។ ក្រៅពីនេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងអញ្ជើញចូលរួមកម្មវិធីសំខាន់ៗដទៃទៀត រួមទាំងអញ្ជើញទស្សនាទីតាំងជាប្រវត្តិសាស្ត្ររបស់តួកគីយេផងដែរ។

សូមបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសជាមិត្តចំនួន៤ ដែលសុទ្ធតែជាប្រទេសកាន់សាសនាឥស្លាម។ ប្រទេសទាំង៤នោះ រួមមាន៖ ប្រទេសអារ៉ា ប៊ីសាអូឌីត, ប្រទេសកាតា, ប្រទេសតួកគី និងប្រទេសអេមីរ៉ាត់អារ៉ាបរួម។

សម្តេចតេជោ និងគណៈប្រតិភូ បានចាប់ផ្តើមដំណើរទស្សនកិច្ចកាលពីថ្ងៃទី៨ ខែធ្នូ។ ប្រទេសដំបូងគេ ដែលសម្តេចបានបំពេញទស្សនកិច្ច គឺប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់មកប្រទេសកាតា ប្រទេសតួកគី និងប្រទេសចុងក្រោយនៃដំណើរទស្សនកិច្ចនេះ គឺប្រទេសអេមីរ៉ាត់អារ៉ាប់រួម។

ទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា នៅបណ្តាប្រទេសជាមិត្តខាងលើ ជាការបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ និងតួនាទីកាន់តែសកម្មនៃ «ការទូតសភា» ដែលជាអាទិភាពមួយនៃ អាទិភាពទាំងពីររបស់ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក្នុងការរួមចំណែកដល់ការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាមិត្ត ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជន ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន និងដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក។

ដំណើរទស្សនកិច្ច ក៏បង្ហាញពីការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយបណ្តាប្រទេសកាន់សាសនាឥស្លាម ដែលកម្ពុជាមានលទ្ធភាពប្រើប្រាស់សក្តានុពលរបស់ខ្លួន ដើម្បីជំរុញបន្ថែមនូវការវិនិយោគ និងធ្វើពាណិជជ្ជកម្ម ដែលជាការធ្វើពិពិធកម្មទីផ្សារអន្តរជាតិរបស់ខ្លួន៕