(សៀមរាប)៖ រងដាំបន្លែចម្រុះ អាងចិញ្ចឹមត្រី អាងចិញ្ចឹមកង្កែប ​ទ្រុងចិញ្ចឹមមាន់ ទ្រង់ចិញ្ចឹមទា។ ទាំងនេះ គឺជារបរ​របស់ អ្នកស្រី គួន អូន ​កសិករ រស់នៅភូមិជ្រៃ ខាងត្បូង ឃុំកៀនសង្កែ ស្រុកសូត្រនិគម ខេត្តសៀមរាប ដែលបានដាំដំណាំ និងចិញ្ចឹមសត្វចម្រុះ លើផ្ទៃដីទំហំ ៣០ម៉ែត្រគុណនឹង៥០ម៉ែត្រ។

ពិតមែនតែផ្ទៃដីមានទំហំតូច ប៉ុន្តែអ្នកស្រី គួន អូន អាចរកចំណូ​លបានច្រើនគួរសមពីរបរនេះ ដោយ​រកចំណូលបានយ៉ាងហោចណាស់ ប្រមាណ ៤ម៉ឺនរៀលមួយថ្ងៃ និងប្រមាណ៣លានរៀល ក្នុងមួយវគ្គនៃការប្រមូលផល ខណៈដែលអ្នកស្រី ស្ទើរតែមិនចំណាយលើថ្លៃដើមនៃការផលិតទាល់តែសោះ។

​មិន​ចំណាយលើថ្លៃដើមលើផលិតកម្ម ​ដោយសារ​អ្នកស្រីចេះបច្ចេកទេសក្នុងការធ្វើជី សម្រាប់ដាំបន្លែដោយខ្លួនឯង តាមរយៈការផ្សំពីស្លឹកឈើស្រស់ ស្លឹកឈើក្រៀម លាយជាមួយលាមកសត្វមាន់ទា ធ្វើជាជីកំប៉ុស្តិ៍ ​ក៏ដូចជា បច្ចេកទេសធ្វើថ្នាំពុលកំចាត់សត្វល្អិត ​ដោយការធ្វើពីស្លឹកស្តៅ ​​និងបណ្ដូលពេជ្រ។ ចំណែក​បន្លែដែលនៅសល់ អ្នកស្រីបានចិញ្ច្រាំទុកឱ្យមាន់ ទា ស៊ី ដែលជួយកាត់បន្ថយការទិញចំណីពីផ្សារ មួយចំណែក។

អ្នកស្រី គួន អូន​ បានចាប់ផ្តើមមុខរបរដាំដំណាំ និងចិញ្ចឹមសត្វចម្រុះបែបនេះ តាំងពីឆ្នាំ២០១០ ​សម្រាប់ផ្គត់ផ្គង់គ្រួសារផង និងសម្រាប់លក់ទៅឱ្យអ្នកភូមិ​ និងលក់នៅឯផ្សារផង ដើម្បីទទួលបានចំណូលប្រចាំថ្ងៃ។ របរដាំដំណាំ និងចិញ្ចឹមសត្វចម្រុះ បានធ្វើឱ្យគ្រួសារអ្នកស្រីមានជីវភាពល្អ និងមានលទ្ធភាពបញ្ជូនកូនរៀននៅសាកលវិទ្យាល័យផងដែរ។

លោក លុច សាន់ លេខាសហគមន៍កសិកម្ម មាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ បានលើកទឹកចិត្តឱ្យកសិករ ធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ី ពោលគឺការធ្វើកសិកម្មដែលផ្តោតលើការដាំដំណាំចម្រុះ​ច្រើនមុខ។ ការធ្វើកសិកម្មតាមរបៀបនេះ នឹងធ្វើឱ្យកសិករទទួលបានទិន្នផលខ្ពស់ ​ទទួលបានចំណូលប្រចាំថ្ងៃ និង​មិនចំណាយទៅលើថ្លៃដើមនៃផលិតច្រើន ព្រោះប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងផ្សំដោយខ្លួនឯង៕