(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរថា អ្នកឆ្លងកាត់ការបណ្តុះបណ្តាល​នៅអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) គឺពោរពេញដោយជំនាញ និងចរិយាសម្បត្តិ។

ការកោតសរសើររបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសសំណេះសំណាល ក្នុងពិធីបុណ្យផ្កាអប់រំ ក្នុងបរិវេណអង្គការ PSE ។

បើតាមប្រសាសន៍លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន គឺលោកបានកត់សម្គាល់ថា អ្នកដែលបានឆ្លងកាត់ការបណ្តុះបណ្តាលនៅ PSE មិនថាជាអ្នកធ្វើការក្នុងស្ថាប័នរដ្ឋ និងឯកជន សុទ្ធតែជាធនធនមនុស្សដ៏សំខាន់ ខណៈរបៀបរបបនៃការនិយាយស្តី និងធ្វើការ ប្រកបដោយទេពកោសល្យ។

ចំណែកឯលោកស្រី ដេប៉ាលីយែរ លក្ខិណា នាយិកាគ្រប់គ្រងទូទៅនៃ PSE បានឲ្យដឹងថា ជាង ២៨ឆ្នាំហើយ ដែលអង្គការ PSE បានបំពេញបេសកកម្មក្នុងប្រទេសកម្ពុជា ជួយដល់កុមារក្រីក្រ និងងាយរងគ្រោះ ឲ្យទទួលបានការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមួយប្រកបដោយគុណភាព។

លោកស្រីបានបន្តថា គិតត្រឹមឆ្នាំសិក្សានេះ មានយុវជនជាង ៧ ០០០នាក់ហើយ ដែលបានរៀនចប់ដោយជោគជ័យ និងក្លាយខ្លួនជាធនធានមនុស្សប្រកបដោយសមត្ថភាព និងសក្តានុពលក្នុងទីផ្សារពលកម្មការងារ និងបាននិងកំពុងកែប្រែជីវិតរបស់ពួកគេចេញពីភាពក្រីក្រ ហើយនឹងបន្តជាចលករជំរុញទីផ្សារពលកម្មការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

សូមជម្រាបថា PSE គឺជាអង្គការមិនរកប្រាក់ចំណេញមួយ ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៦ ដើម្បីជួយដល់កុមារក្រីក្រ និងងាយរងគ្រោះ ឱ្យពួកគេមានឱកាសចូលរួមក្នុងសង្គមដូចជាកុមារដទៃ ដោយផ្តល់នូវបរិយាកាសសុវត្ថិភាព និងសមស្របមួយសម្រាប់ពួកគេ ក្នុងការទទួលបាននូវការសិក្សាអប់រំ និងអាចរីកចម្រើនបានក្នុងសង្គមការងារ ទៅតាមសមត្ថភាពដែលពួកគេអាចធ្វើទៅបាន។ ក្រោមការទទួលស្គាល់ ពីអាជ្ញាធរមូលដ្ឋាន អង្គការ PSE កំពុងធ្វើការយ៉ាងសកម្មជាមួយប្រជាជនកម្ពុជា លើសកម្មភាពអប់រំ ដោយគោរពទៅតាមផែនការយុទ្ធសាស្ត្ររបស់ប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

PSE មានសសរស្តម្ភសំខាន់ៗចំនួន៦ ដើម្បីបំពេញតម្រូវការកុមារ និងធានាបាននូវជោគជ័យលើបេសសកម្មរបស់ខ្លួន ដែលក្នុងនោះមានដូចជា៖ កម្មវិធីអាហារូបត្ថម្ភ, ការថែទាំសុខភាព, ការការពារ និងការស្នាក់នៅ, ការអប់រំទូទៅ, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការគាំទ្រគ្រួសារ។ បច្ចុប្បន្ន PSE កំពុងមើលថែកុមារជាង ៦ ៥០០នាក់ ក្នុងកម្មវិធី។ និស្សិតដែលបានបញ្ចប់ការសិក្សាជាង ៧ ០០០នាក់ ពីកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ PSE បាននិងកំពុងចូលរួមបម្រើការងារក្នុងទីផ្សារការងារដោយជោគជ័យ ជាមួយនឹងសមត្ថភាពជំនាញដែលពិតប្រាកដមួយទៅនឹងមុខតំណែងរបស់ពួកគេ។ ពួកគេ កំពុងរស់នៅជាមួយនឹងជីវភាពសមរម្យមួយ និងអាចជួយដល់ជីវភាពក្រុមគ្រួសាររបស់ពួកគេផងដែរ។

PSE មានបុគ្គលិកប្រហែល ៦៥០នាក់ នៅក្នុងប្រទេសកម្ពុជា (ដែលមានតួនាទីជាគ្រូបង្រៀន គ្រូបណ្តុះ បណ្តាលជំនាញ វេជ្ជបណ្ឌិត ជំនួយការសង្គម...។ល។) និងមានបុគ្គលិកចំនួន ៦នាក់ នៅប្រទេសបារាំង។ អ្នកស្ម័គ្រចិត្តជាង ៣០០ នាក់ នៅក្នុងប្រទេសផ្សេងៗគ្នា កំពុងធ្វើការយ៉ាងសកម្មលើការធ្វើឱ្យអង្គការ PSE ត្រូវបានគេស្គាល់ និងការរៃអង្គាសថវិកាជំនួយពីការបរិច្ចាគ និងការឧបត្ថម្ភនានា។ នៅឆ្នាំ២០០០ PSE បានទទួលពានរង្វាន់សិទ្ធិមនុស្សបារាំង ផ្តល់ជូនដោយប្រទេសបារាំងផ្ទាល់។ ថ្មីៗនេះ PSE ក៏ទទួលបានការទទួលស្គាល់ជាអង្គការសប្បុរសបារាំង (IDEAS Label) ដោយសមាគមអង្គការបារាំងផងដែរ៕