(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ម៉ាង ស៉ីណេត អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា សន្និបាតបានលើកនូវរបាយការណ៍ការងារសំខាន់ៗចំនួន៣រួមមាន៖
*ទី១៖ ការងារដែលស្ថិតក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
*ទី២៖ ការប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»
*ទី៣៖ សកម្មភាពការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់។
ដើម្បីរួមគ្នាធ្វើការពិនិត្យ វាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈម និងកំណត់ទិសដៅសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥។ ព្រមជាមួយនេះ អង្គសន្និបាតក៏បានធ្វើការពិភាក្សាលើប្រធានបទសំខាន់ៗ ជុំវិញការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ការប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ការគ្រប់គ្រងជនបរទេសអន្តោប្រវេស ការប្រយុទ្ធប្រឆាំងបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងបទល្មើសផ្សេងៗ។
ផ្អែកលើរបៀបវរៈសំខាន់ៗទាំង៣ចំណុច នៃអង្គសន្និបាត ព្រមនឹងការពិភាក្សាលើប្រធានបទនានា អង្គសន្និបាតទាំងមូលបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចនានា ព្រមទាំងមានការចូលរួម និងការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការរួមចំណែកថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈនៅក្នុងសង្គម ធ្វើឲ្យខេត្តព្រះសីហនុ ជាទូទៅមានលក្ខណៈល្អប្រសើរ ដែលជាការបង្កបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងគ្រួសារ។
លោក ម៉ាង ស៉ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរយៈពេលមួយឆ្នាំ ដែលស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សម្រេចបាន និងសូមសម្ដែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាលខេត្ត ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេស និងវិនិយោគិនទាំងអស់។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានធ្វើការឯកភាពទាំងស្រុង និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុ ដែលបង្ហាញអំពីលទ្ធផលការងារដែលសម្រេចបាន ក៏ដូចជាបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្ដយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបន្ដឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ពិសេសបានគូសបញ្ជាក់អំពីកិច្ចការសំខាន់ៗ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្ដរជាតិ និងបុណ្យជាតិធំៗ នាពេលកន្លងមកដោយទទួលបានជោគជ័យទាំងស្រុង១០០ភាគរយ។
ក្នុងន័យនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ខេត្តព្រះសីហនុ ជាខេត្តមួយពោរពេញដោយសក្ដានុពលទាំងទេសចរណ៍ និងពាណិជ្ជកម្ម ដូច្នេះការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត មិនអាចធ្វេសប្រហែសបានឡើយ ពោលនៅពេលមានបទល្មើសកើតឡើង ត្រូវបើកការស្រាវជ្រាវបន្ទាន់ភ្លាមៗ ដើម្បីចាត់វិធានការតាមច្បាប់ និងឈានដល់ការបង្ក្រាបឲ្យខាងតែបាន។
នាយឧត្តមសេនីយ៍ ស ថេត បានញ្ញាក់ស្មារតីដល់កងកម្លាំងនគរបាល ត្រូវបន្ដកិច្ចសហការឲ្យបានជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីពួតដៃគ្នារក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ពោលការងារនេះមិនអាចធានាទៅបានឡើយ បើមិនមានកិច្ចការល្អពីស្ថាប័នពាក់ព័ន្ធ ទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អាវុធហត្ថ និងស្ថាប័នតុលាការ។
ចំពោះបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងល្បែងអនឡាញវិញ ក៏ត្រូវតែបន្ដពង្រឹងឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ព្រោះបទល្មើសទាំងអស់នេះក៏ជះឥទ្ធិពលមិនល្អកេរ្ដិ៍ឈ្មោះរបស់កម្ពុជា ពិសេសខេត្តព្រះសីហនុតែម្ដង។ នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា កងកម្លាំងនគរបាលមិនត្រូវពាក់ព័ន្ធជាមួយបទល្មើសទាំងនេះឡើយ ពោលក្នុងនាមជាអ្នកអនុវត្តច្បាប់ត្រូវតែធ្វើជាគំរូដល់ពលរដ្ឋ និងត្រូវតែស្អាតស្អំ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំដល់កម្លាំងនគរបាលខេត្តព្រះសីហនុ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង គោរពបទបញ្ជាថ្នាក់ដឹកនាំ គោរពវិន័យរបស់កងកម្លាំងនគរបាលជាតិ ក្នុងមានទាំងការសុំច្បាប់ជាដើម។ ដោយឡែក មន្ដ្រីណាដែលបំពេញការងារបានល្អ ត្រូវតែទទួលបាននូវការលើកសរសើរ តាមរយៈការផ្ដល់តួនាទី និងតម្លើងឋានន្ដរស័ក្ដិ តែអនុវត្តខុសត្រូវទទួលពិន័យតាមក្រឹត្យក្រម៕