(កំពង់ឆ្នាំង)៖ លោកពូ ព្រំ សាង អាយុជិត៦០ឆ្នាំ ជាអតីតយុទ្ធជន និងជាយោធិនពិការម្នាក់, ប្រពន្ធឈ្មោះ ម៉ោញ ជន អាយុ៥៩ឆ្នាំ និងបងថ្លៃស្រីអាយុ៧០ឆ្នាំ (ស្រ្តីមេម៉ាយកូនមួយ) រស់នៅឃុំខ្លុងពពក ស្រុកទឹកផុស ត្រូវបានតុលាការ ខេត្តកំពង់ឆ្នាំង សម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
ពួកគាត់ទាំង៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ចាប់ខ្លួនតាមដីការបស់តុលាការ យកទៅដាក់ពន្ធនាគារកាលពីដើមខែវិច្ឆិកា ក្រោមការចោទប្រកាន់ពីបទ «ធ្វើឱ្យខូចខាតដោយចេតនា (មានស្ថានទម្ងន់ទោស)» ដែលទោសនេះដើមបណ្តឹងចោទពួកគាត់ទាំង៣នាក់ កាប់ដើមដូង និងដើមគរងាប់ចំនួន២ដើម នៅក្នុងដីតាំងពីសង្គមចាស់ ដែលពួកគាត់ទាំង៣នាក់ បានកាន់កាប់យូរមកហើយ។
ចំពោះការចោទប្រកាន់នេះ ពួកគាត់ទាំង៣នាក់ បានបដិសេធ និងច្រានចោលទាំងអស់គ្នា នៅចំពោះមុខតុលាការ ពេលចូលសវនាការនាពេលកន្លងទៅ និងអះអាងថា អ្នកដែលកាប់នោះជាកូនមេភូមិទៅវិញទេ។ សម្រាប់ដីពីសង្គមចាស់នេះ ពួកគាត់ថាជាដីរបស់គាត់ដែលកាន់កាប់តាំងពីដើមមកម្ល៉េះ។
សម្រាប់ការដោះលែងនេះ សាច់ញាតិរបស់លោកពូ អ្នកមីង និងអ៊ុំស្រីទាំង៣នាក់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល, លោក គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់ និងពន្លឿនដោះលែងពួកគាត់ ឲ្យនៅក្រៅឃុំ។
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ តុលាការនឹងបើកសវនាការ ដើម្បីធ្វើការដេញដោលសំណុំរឿងនេះ ដើម្បីឈានដល់ការលើកលែងការចោទប្រកាន់ជាផ្លូវការ បើសិនរកឃើញថា ពួកគាត់ទាំង៣នាក់ មិនបានប្រព្រឹត្តដូចការចោទប្រកាន់។
សូមបញ្ជាក់ថា ការចោទប្រកាន់ពួកគាត់ទាំង៣នាក់ បានកើតឡើងតាំងពីដើមខែមេសា ឆ្នាំ២០១៧មកម្ល៉េះ ដោយភាគីដើមបណ្តឹងបានពឹងមេធាវីប្តឹងទៅតុលាការ រហូតចាប់ខ្លួនពួកគាត់យកទៅដាក់គុកនៅដើមខែវិច្ឆិកានេះ។ ក្រោយពួកគាត់ជាប់គុក, ភាគីដើមបណ្តឹង និងគ្នីគ្នា បានទៅហ៊ុំព័ទ្ធដីមានជម្លោះនេះ ហើយក៏បានហ៊ុំព័ទ្ធដីស្រែរបស់ពួកគាត់ចំនួន២កន្លែង ដែលពួកគាត់តែងតែអាស្រ័យផលតាំងពីដើមមក។ សម្រាប់ករណីនេះសាច់ញាតិ និងមជ្ឈដ្ឋានមួយចំនួនដែលតាមដានរឿងនេះ សង្ឃឹមថា អភិបាលខេត្តកំពង់ឆ្នាំង នឹងជួយដោះស្រាយ ដើម្បីប្រគល់ដីជូនពួកគាត់ត្រឡប់មកវិញ។
យោងតាមសាលក្រមរបស់តុលាការខេត្តកំពង់ឆ្នាំង ដែលមានចៅក្រមលោក ម៉ុង មុនីសោភា, តំណាងអយ្យការលោក សាត ធីតា និងក្រឡាបញ្ជីលោក កាន់ វិសាល កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានសម្រេចផ្តន្ទោទោស ពួកគាត់ទាំង៣នាក់ ដាក់ពន្ធនាគារចំនួន២ឆ្នាំ និងរួមគ្នាសងសំណងចំនួន៨លានរៀលទៅឲ្យដើមបណ្តឹងឈ្មោះ ខាត់ ចាន់៕