(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពុងបំពេញទស្សនកិច្ចមួយសប្តាហ៍ក្នុង ប្រទេសបួននៅមជ្ឈិមបូព៌ា។ តើដំណើរទស្សនកិច្ចរវាងពីថ្ងៃទី៨ដល់១៤ធ្នូឆ្នាំ២០២៤ នឹងអាច នាំកម្ពុជាទទួលបានឱកាសនិងប្រយោជន៍អ្វីខ្លះ? Fresh Exclusive មានអត្ថបទអង្កេតនិងស្រាវ ជ្រាវ ដូចតទៅនេះ៖
ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងបំពេញបេសកកម្មការទូតដ៏សំខាន់ទៅកាន់មជ្ឈិមបូព៌ា រវាងពីថ្ងៃទី៨ដល់១៤ធ្នូ ឆ្នាំ២០២៤ នៅប្រទេសអារ៉ាប៊ីសាអូឌីត កាតា ទួរគី និងអារ៉ាប់អេមីរ៉ាត (UAE)។ ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីការពង្រីកកាន់តែទូលំទូលាយនូវគោលនយោបាយការបរទេសរបស់កម្ពុជា, ការបង្ហាញពីឱកាសសេដ្ឋកិច្ច និងនយោបាយជាច្រើន សម្រាប់ជាផលប្រយោជន៍នៃប្រទេសកម្ពុជាដែលជាប្រជាជាតិមួយស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍។
តើកម្ពុជាអាចទទួលបាននូវអត្ថប្រយោជន៍អ្វីខ្លះជាសក្តានុពល និងជាយុទ្ធសាស្ត្រ ក្នុងដំណើរ ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសក្នុងពិភពអារ៉ាប់នេះ?
១៖ ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី
មជ្ឈិមបូព៌ា គឺជាប្រទេសមហាសេដ្ឋីប្រេងមួយចំនួន ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ជាងគេ បំផុតរបស់សកលលោក ជាមួយនឹងធនធាននិងដើមទុនដ៏សម្បូរបែបដែលកំពុងស្វែងរកឱកាសវិនិយោគជាសកល។ គិតត្រឹមថ្ងៃទី១១ធ្នូឆ្នាំ២០២៤ សម្តេចតេជោ ធ្វើធ្វើទស្សនកិច្ច បីប្រ ទេសហើយ គឺប្រទេសអារ៉ាប៊ីសាអូឌីត កាតា និងទួរគី។
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ បានធ្វើឡើងនៅក្នុងឱកាសដែលសេដ្ឋកិច្ចជាតិកំពុងតែ រីកចម្រើន ជាមួយនឹងទីតាំងយុទ្ធសាស្ត្រស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជាតំបន់ទាក់ទាញ ដល់ពិភពលោកថែមទៀតនោះ បានធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាចំណុចនៃប្រទេសមួយ ដែលមានភាពទាក់ទាញជាខ្លាំងសម្រាប់ប្រទេសមហាសេដ្ឋីប្រេងទាំងឡាយនោះ។
សម្តេចតេជោ ហ៊ុន សែន នៅក្នុងដំណើរទស្សនកិច្ច ២ប្រទេសគឺប្រទេសអារ៉ាប៊ី សាអូឌីត និង ប្រទេសកាតា បានជួបបណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនគួរឱ្យកត់សម្គាល់ ក្នុងនោះរួមមាន បណ្ឌិត Abdullah Muhamed Ibrahim Al-Sheik ប្រធានរដ្ឋសភានៃប្រទេសអារ៉ាប៊ី សាអ៊ូឌីត, ជួបប្រធានរដ្ឋសភាប្រទេស កាតា ឯកឧត្តម Hassan Bin Abdulla Al-Ghanim និងបានជួបជា មួយនាយករដ្ឋមន្ត្រីកាតា លោក Mohammed Bin Abdulrahman bin Jassim Al Thani និងបណ្តារដ្ឋមន្ត្រីសំខាន់ៗ នៃ ប្រទេសទាំង២នោះថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងនូវសក្តានុពលនៃវិស័យធំៗនានា របស់កម្ពុជាដូចជាវិស័យកសិកម្ម, វិស័យសេដ្ឋកិច្ចនិងវិស័យវិនិយោគជាដើម ប្រាប់ទៅកាន់ ភ្ញៀវបរទេសក្នុងដំណើរទស្សនកិច្ចនោះ។ គេរំពឹងថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេច តេជោ ទៅកាន់មជ្ឈិមបូព៌ានាចុងឆ្នាំ២០២៤នេះ នឹងអាចក្លាយជាស្ពានភ្ជាប់មួយលើវិស័យ នយោបាយសេដ្ឋកិច្ច និងការទូត រវាងកម្ពុជា ជាមួយនឹងប្រទេសនៅមជ្ឈិមបូព៌ា។
*តើកម្ពុជាអាចនាំចេញអ្វីខ្លះ ទៅកាន់ប្រទេសនៅមជ្ឈិមបូព៌ា?៖
កម្ពុជាគឺជាប្រទេសដែលនាំចេញផលិតផលកសិកម្មរបស់ខ្លួនទៅបរទេស។ ក្នុងដំណើរ ទស្សនកិច្ចនេះ កម្ពុជាបានបង្ហាញខ្លួនថាជាអ្នកផ្គត់ផ្គង់កសិផលដែលអាចជឿទុកចិត្តបាន រួមមានអង្ករ ដំឡូងមី និងផ្លែឈើនានា ទៅកាន់ប្រទេសមជ្ឈិមបូព៌ា ដែលជាបណ្តាប្រទេសតែងពឹងផ្អែកខ្លាំងទៅលើការនាំចូលស្បៀងអាហារមកពីក្រៅប្រទេស។
ឧស្សាហកម្មហាឡាល៖ ភាពពាក់ព័ន្ធរបស់កម្ពុជាជាមួយប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសកាតា នឹងជួយផ្តល់ឱកាសក្នុងការពង្រីកឧស្សាហកម្មហាឡាលរបស់កម្ពុជា។ កិច្ចការនេះ នឹង ជួយជំរុញការនាំចេញផលិតផលអាហារហាឡាល និងសេវាកម្មទេសចរណ៍ទៅកាន់ប្រទេស កម្ពុជាថែមទៀត។
ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ៖ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ត្រូវគេរំពឹងថានឹងអាចត្រួសត្រាយផ្លូវសម្រាប់វិស័យវិនិយោគក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដូចជាផ្លូវថ្នល់ កំពង់ផែ និងកន្លែងថាមពល ដែលនឹងជួយជម្រុញវិស័យសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែ ខ្លាំងក្លា។
ភាពជាដៃគូថាមពលកកើតឡើងវិញ៖ តាមពិតប្រទេសអារ៉ាប់អេមីរ៉ាត និងប្រទេសកាតា គឺជាអ្នកដឹកនាំពិភពលោកក្នុងថាមពលកកើតឡើងវិញ។ កិច្ចសហការក្នុងគម្រោងថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ នឹងរំពឹងអាចជួយកម្ពុជាធ្វើពិពិធកម្មចម្រុះថាមពលរបស់ខ្លួន និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងទៀត។
២៖ ការពង្រឹងទំនាក់ទំនងនយោបាយ និងការទូត
ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីចេតនារបស់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងនយោបាយរបស់ខ្លួន ជាមួយនឹងប្រទេសក្នុងមជ្ឈិមបូព៌ា ដែលអាចមានគុណសម្បត្តិការទូតរយៈពេល វែង។ ការធ្វើពិពិធកម្មសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ានេះទៀត នឹងកាន់តែជួយពង្រីកអត្ថិភាពកម្ពុជា ដែលមិនត្រឹមតែមានទំនាក់ទំនងល្អជាមួយប្រទេសជាច្រើននៅក្នុងទ្វីបមួយចំនួនប៉ុណ្ណោះទេ, ចំណងទំនាក់ទំនងរបស់កម្ពុជា បាននិងកំពុងពង្រីកបន្ថែមទៀត នៅក្នុងតំបន់មជ្ឈិមបូព៌ាតាម រយៈដំណើរទស្សនកិច្ចនេះ។ ទំនាក់ទំនងរវាងកម្ពុជា និងប្រទេសក្នុងមជ្ឈិមបូព៌ានេះ នឹងជួយ បង្កើនការគាំទ្ររវាងគ្នានិងគ្នា នៅក្នុងវេទិកាពហុភាគីក្នុងតំបន់និងពិភពលោក និងជម្រុញទំនាក់ទំនងរវាងកម្ពុជានិងមជ្ឈិមបូព៌ា ឱ្យកាន់តែជិតស្និទ្ធ អាចនាំឱ្យមានការគាំទ្រទៅវិញទៅមកនៅក្នុងអង្គការអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិនោះជាដើម។
៣៖ ការជំរុញការផ្លាស់ប្តូរទេសចរណ៍
វិស័យទេសចរណ៍គឺជាវិស័យដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ហើយទីផ្សារទេសចរណ៍មជ្ឈឹមបូព៌ា គឺជាតំណាងឱ្យទីផ្សារដ៏ធំសម្បើមមួយ និងកាន់តែជួយជម្រុញកំណើន GDP របស់ជាតិ។ ដំណើរទស្សនកិច្ចនេះ នឹងអាចជួយដាក់ប្រទេសកម្ពុជាជាគោលដៅចម្បងសម្រាប់អ្នកធ្វើដំណើរនៅមជ្ឈិមបូព៌ាទស្សនាប្រាសាទអង្គរវត្ត និងតំបន់ទេសចរណ៍វប្បធម៌បុរាណរបស់ខ្មែរ ជាពិសេសអ្នកដែលស្វែងរកបទពិសោធន៍វប្បធម៌ និងប្រវត្តិសាស្ត្រជាដើម។ ដំណើរទស្សនកិច្ចនេះទៀត នឹងជួយជាតម្រាយផ្លូវមូយ សម្រាប់តំណតភ្ជាប់វិស័យអាកាសចរណ៍រវាងពីកម្ពុជានិងពីប្រទេសនៅមជ្ឈិមបូព៌ា។ ការពង្រឹងទំនាក់ទំនងអាកាសចរណ៍ តាមរយៈជើងហោះហើរត្រង់ពីមជ្ឈិមបូព៌ាមកកាន់ប្រទេសកម្ពុជា នឹងរំពឹងអាចជំរុញការមកដល់របស់ភ្ញៀវទេសចរ និងសម្រួលការធ្វើដំណើរអាជីវកម្មជាច្រើនមកពីប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា។ តាមរយៈនេះ ចំនួនទេសចរណ៍ នឹងរំពឹងកើនឡើង ស្របពេលដែលកម្ពុជាកាន់តែបង្កើនសម ត្ថភាពលើកត្តាទេសចរណ៍ប្រណិត និងសុខុមាលភាពដែលនឹងជួយជម្រុញកាន់តែខ្លាំង លើ ការសម្រេចចក្ខុវិស័យឆ្នាំ ២០៥០របស់កម្ពុជា។
៤៖ ការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
មជ្ឈឹមបូព៌ា ជាពិសេសប្រទេសទួរគី និងអារ៉ាប់រួម គឺជាមជ្ឈមណ្ឌលសម្រាប់ការច្នៃប្រឌិត និងបច្ចេកវិទ្យាទំនើប។ តាមរយៈដំណើរទស្សនកិច្ចនេះ នឹងក្លាយជាផ្លូវត្រួសត្រាយដ៏សំខាន់នៃការអប់រំ និងបណ្តុះបណ្តាលជំនាញ។ កិច្ចព្រមព្រៀងសម្រាប់ការផ្លាស់ប្តូរការអប់រំ និងអាហារូបករណ៍ដែលអាចអនុញ្ញាតឱ្យនិស្សិត និងអ្នកជំនាញកម្ពុជា នឹងរំពឹងទទួលបានការជួយជាវគ្គ បណ្តុះបណ្តាលលំដាប់ពិភពលោកលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការគ្រប់គ្រងថែម ទៀត។ ភាពជាដៃគូជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យាមជ្ឈិមបូព៌ា នឹងរំពឹងអាចគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងបច្ចេកវិទ្យា Financial Technology, e-commerce និងបច្ចេកវិទ្យាដែលអាចកើតឡើងវិញ Renewable Technology។
៥៖ ការពង្រឹងតួនាទីក្នុងតំបន់ និងសកលរបស់កម្ពុជា
សកម្មភាពពាក់ព័ន្ធរបស់កម្ពុជាជាមួយនឹងមជ្ឈិមបូព៌ា នឹងពង្រឹងជំហរកម្ពុជាក្នុងនាមជាអ្នកចូលរួមយ៉ាងសកម្មក្នុងកិច្ចការពិភពលោក។ សកម្មភាពពាក់ព័ន្ធនេះ នឹងជួយជាស្ពានតភ្ជាប់អាស៊ាន និងមជ្ឈិមបូព៌ា ដោយក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាអាចដើរតួជាស្ពានសម្រាប់កិច្ចសហប្រតិបត្តិការមជ្ឈិមបូព៌ា-អាស៊ានកាន់តែស៊ីជម្រៅលើវិស័យពាណិជ្ជកម្ម ថាមពល និងភូមិសាស្ត្រនយោបាយ។ ដំណើរទស្សនកិច្ចនេះទៀត នៅបានបង្ហាញពីសក្តានុពលរបស់កម្ពុជា ដែលនឹងផ្តល់វេទិកាមួយសម្រាប់កម្ពុជា ដើម្បីបង្ហាញពីសក្តានុពលសេដ្ឋកិច្ច និងវប្បធម៌របស់ខ្លួននៅលើឆាកពិភពលោក។
ដូច្នេះ ដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ារបស់សម្តេចតេជោ ហ៊ុន សែន កាន់តែបញ្ជាក់ពីមហិច្ឆតារបស់កម្ពុជា ក្នុងការធ្វើពិពិធកម្មភាពជាដៃគូអន្តរជាតិ និងចាប់យកឱកាសថ្មីៗ តាម រយៈការបង្កើនពាណិជ្ជកម្ម ការទាក់ទាញការវិនិយោគ ជំរុញទេសចរណ៍ និងការធ្វើឱ្យទំនាក់ទំនងការទូតកាន់តែស៊ីជម្រៅ។
ដំណើរទស្សនកិច្ច ក៏ជាការបង្ហាញដ៏ជាក់ស្តែងទៅកាន់ពិភពលោកដែរថា កម្ពុជាក្រោមការ ដឹកនាំរបស់រាជរដ្ឋាភិបាល កាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា គឺជារដ្ឋាភិបាលដ៏មាន សមត្ថភាពក្នុងនយោបាយការទូតដ៏ប៉ិនប្រសប់របស់ខ្លួន ក្នុងការធ្វើសមាហរណកម្មកម្ពុជា ចូលក្នុងបណ្តាប្រទេសមហាសេដ្ឋីប្រេងរបស់ពិភពលោកថែមទៀត។
ឱកាសដើម្បីសម្រេចបានទាំង នេះ បើគ្មានចក្ខុវិស័យដឹកនាំច្បាស់លាស់ដោយគណបក្សប្រជា ជនកម្ពុជាដែលកាន់អំណាចនាបច្ចុប្បន្ននេះទេ កិត្យានុភាពជាតិ ជាមួយការដឹកនាំដ៏ឈ្លាស វៃនៃប្រជាជាតិកម្ពុជានេះ នឹងមិនអាចធ្វើទៅបានឡើយ។ ពលរដ្ឋខ្មែរអរគុណ ចំពោះសម្តេច តេជោ ដែលមិនត្រឹមតែធ្វើឱ្យប្រទេសកម្ពុជាអស់សង្គ្រាមមានសន្តិភាពនិងរុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបន្សល់នូវមរតកជាស្ពានរវាងកម្ពុជានិងប្រទេសក្នុងមជ្ឈិមបូព៌ាក្នុងពេលនេះថែមទៀត៕