(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវីររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំពិធី ចុះអនុស្សរណៈយោគយល់គ្នា រវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ដសៀមរាប និងកាកបាទក្រហមជប៉ុន សាខាខេត្ដហ៊ីរ៉ូស៊ីម៉ា។

ពិធីចុះកិច្ចព្រមព្រៀងលើអនុស្សរណយោគយល់គ្នារវាងសាខាកាកបាទក្រហមទាំងពីរខាងលើនេះ បានធ្វើឡើងក្រោមអធិបតី លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា, លោក យូ ឡាណា អគ្គលេខាធិការរងទី២, លោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ដសៀមរាប, លោកស្រី ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ដសៀមរាប និងភាគីជប៉ុន លោក Hiroaki Sakai អគ្គលេខាធិការសាខាកាកបាទក្រហមជប៉ុន ខេត្ដហ៊ីរ៉ូស៊ីម៉ា រួមទាំងប្រតិភូជាច្រើនរូបទៀត ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី បានថ្លែងសំណេះសំណាលដោយបានមានប្រសាស៍ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរ ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសាខាទាំងពីរ ដែលមានគំនិតផ្ដួចផ្ដើម ព្រមព្រៀងគ្នារៀបចំឱ្យមានជាអនុស្សរណៈនេះ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងវប្បធម៌ប្រពៃណី តាមរយៈការផ្លាស់ប្ដូរយុវជន និងអ្នកស្ម័គ្រចិត្ដរបស់ភាគីទាំងពីរ។ តាមកម្មវិធីនេះ យុវជន និងអ្នកស្ម័គ្រចិត្ដនឹងរៀនសូត្រពីសកម្មភាពស័្មគ្រចិត្ដ ក្នុងវិស័យមនុស្សធម៌​និងបង្កើនសមត្ថភាពក្នុងការដោះស្រាយបញ្ហាចំពោះមុខ។

លើសពីនោះអនុស្សរណៈយោគយល់ដែលត្រូវចុះហត្ថលេខានៅថ្ងៃនេះ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ពិសេសផ្តោតលើការគាំទ្រគ្នាទៅវិញទៅមក និងផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងប្រទេសទាំងពីរផងដែរ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩៕