(កំពង់ចាម)៖ លោក ហេង វណ្ណី អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា គម្រោងស្ថាបនាពង្រីកផ្លូវជាតិលេខ៧ ជា៤គន្លង ប្រវែងសរុបជាង៤៥គីឡូម៉ែត្រ ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម ចាប់ផ្តើម ដំណើរការឡើងវិញហើយតាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានគ្រឿងចក្រធ្វើការឈូសឆាយ ដូច្នេះរាល់ការប៉ះពាល់ផ្សេងៗ សុំឱ្យបងប្អូនប្រជាពលរដ្ឋមានការយោគយល់អធ្យាស្រ័យ ព្រោះថានេះជារដូវប្រាំងផង។

លោកអភិបាលរងខេត្ត បានលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។

លោក ហេង វណ្ណី បានបញ្ជាក់ថា ក្រុមហ៊ុនស្ថាបនាពង្រីកផ្លូវជាតិលេខ៧ បានស្នើមន្ទីរ អង្គភាព និងអាជ្ញាធរស្រុកជើងព្រៃ ព្រៃឈរ កំពង់សៀម និងក្រុងកំពង់ចាម សូមចូលរួមសហការឱ្យបានល្អប្រសើរ ពីព្រោះថា ការដោះស្រាយ ផលប៉ះពាល់ បានផ្តល់សំណងជូនប្រជាពលរដ្ឋរួចរាល់អស់ហើយ អញ្ចឹងទេបញ្ហាបណ្តាញរដ្ឋផ្សេងៗទាំងការ រំកិលបង្គោលអគ្គិសនី ទុយយោទឹក និងខ្សែកាបអុបទិក សូមឱ្យអង្គភាពពាក់ព័ន្ធចូលរួមអនុវត្តឱ្យ បានល្អ ដើម្បីជំរុញឱ្យការសាងសង់ផ្លូវជាតិនេះ មានល្បឿនលឿន ឆាប់បញ្ចប់ ជៀសវាងផលប៉ះ ពាល់យូរអង្វែង។

ក្នុងកិច្ចប្រជុំនេះលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្តី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សារួមមាន៖

*ទី១៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី០៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
*ទី២៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែ វិច្ឆិកា និងលើកទិសដៅប្រចាំខែធ្នូ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម។
*ទី៣៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការ រៀបចំគម្រោងខេត្តឆ្នាំ២០២៥។
*ទី៤៖ បញ្ហាផ្សេងៗ៕