(ភ្នំពេញ)៖ មេបក្សប្រឆាំងដែលធ្លាប់មានឥទ្ធិពលនៅក្នុងឆាកនយោបាយកម្ពុជា និងដែលធ្លាប់មានការផ្តល់តម្លៃពីមជ្ឈដ្ឋានអ្នកការទូត និងបញ្ញវន្តខ្មែរទាំងនៅក្នុង និងនៅក្រៅប្រទេសនាពេលកន្លងទៅ បានបាត់បង់ប្រជាប្រិយភាព និងសាបឥទ្ធិពលពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដោយសារតែកំហុសយុទ្ធសាស្ត្រនយោបាយរបស់ខ្លួនផង និងដោយសារតែការសាបព្រោះនិន្នាការជ្រុលនិយមផង។

លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា តាមការសង្កេតរបស់លោករយ:ពេលជាងពីរទសវត្សន៍នៃនយោបាយកម្ពុជា ការបម្រែបម្រួលនៃនយោបាយនៅកម្ពុជាបានធ្វើឲ្យមេបក្សជ្រុលនិយមអស់ក្រឡាដើរ និងកំពុងធ្វើឲ្យអ្នករួមដំណើរវង្វេងផ្លូវ ដោយសារតែការដឹកនាំគ្មានយុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវយូរអង្វែងប្រកបដោយភាពសុចរិត ពោលគឺមានតែនយោបាយបុគ្គលនិយមកំហឹង និងគុំនុំផ្ទាល់ខ្លួន ចង់ឈ្នះដោយមិនខ្វាយខ្វល់ពីគ្រោះថ្នាក់ដល់ផលប្រយោជនជាតិ ឬអាចនិយាយមួយបែបទៀតថាមិនឲ្យតម្លៃទៅលើស្ថេរភាព និងសន្តិភាពជាធំ។

ជាសក្ខីភាពស្រាប់ មេបក្សជ្រុលនិយមរូបនេះ ជារឿយៗតែងបំផុសបំផុល ញុះញុង ដោយចេតនាទុច្ចរិត ដើម្បីបង្ករភាពចលាចលដល់សង្គម តាមរយ:ការអំពាវនាវឲ្យមានការបះបោរពីមហាជន ឬពីកងកម្លាំងប្រដាប់អាវុធ ដោយប្រឌិតព័ត៌មាន ឬបកស្រាយបំផ្លើសការពិតនូវបញ្ហារសើបរបស់ជាតិ មានដូចជាបញ្ហាព្រំដែន ឬបញ្ហាកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងជាដើម ដែលមិនឆ្លុះបញ្ចាំងការពិត ហើយដែលបញ្ហាខ្លះជារឿងរ៉ាវដ៏ស្មុគ្រស្មាញនៃប្រវត្តិសាស្ត្រកម្ពុជានាពេលអតីតកាល។ ការកេងចំណេញនិយោបាយលើបញ្ហាទាំងនេះបង្ហាញឲ្យឃើញនូវចេតនាទុច្ចរិត និងកង្វះនូវការត្រិះរិះពិចារណាឲ្យបានវែងឆ្ងាយ និងខ្វះភាពជាក់ស្តែង ឬប្រាកដនិយម។

យើងនាំគ្នាសាកស្រមៃទៅមើលថា ប្រសិនបើមានភាពចលាចល ឬមានការប្រទូសសារាយ ទំនាស់រវាងខ្មែរដែលមាននិន្នាការនយោបាយផ្សេងគ្នា ឬអាចរាលដាលទៅជាសង្គ្រាមស៊ីវិលជាថ្មីម្តងទៀតដោយប្រការណាមួយ តាមដែលមេបក្សជ្រុលនិយមប្រាថ្នាចង់បានមែននោះ តើនរណាជាអ្នករងគ្រោះ និងខាតបង់ ហើយការរងគ្រោះ ឬខាតបង់នោះ នរណាជាអ្នកទទួលខុសត្រូវ? តាមពិតទៅ រសជាតិជីវិត និងបទពិសោធន៍ដ៏ល្វីងជូចត់មិនអាចគណនាបាននៃការហែលឆ្លងសង្គ្រាមគឺស្ថិតនៅក្នុងការចងចាំរបស់ជីដូនជីតា និងឳពុកម្តាយយើងដែលនៅរស់រានមានជីវិតមកទល់ពេលនេះ យើងអាចសាកសួរ និងស្តាប់ការរៀបរាប់របស់គាត់ជាមួយនឹងភាពក្តុក
អួលដើមករ ដោយមានដំណក់ភ្នែកនៅក្នុងរង្វង់កែវនេត្រារបស់គាត់។

មើលចុះ...ក្រោយពីដាក់ចេញនូវយុទ្ធនាការបះបោរ បង្ករចលាចលជាបន្តបន្ទាប់ដូចជាយុទ្ធនាការថ្មីៗនេះ គឺយកលេសផ្សារភ្ជាប់ទៅនឹងហេតុផល CVL-DTA គេក៏ចាប់ផ្តើមឃើញមានយុទ្ធនាការដែលគេដាក់ឈ្មោះថា “ផ្ការីក” ដើលមានចេនានិងបំណងទុច្ចរិតដដែល។ ច្បាស់ណាស់ថាយុទ្ធនាការ “ផ្ការីក”នេះ នឹងប្រែក្លាយទៅជាផ្ការោយ នឹងបរាជ័យជាថ្មីម្តងទៀតយ៉ាងពិតប្រាកដ ព្រោះវាបានបង្កប់នូវចេតនាទុច្ចរិត បង្ករភាពចលាចល រំខានដល់សន្តិភាព និងស្ថេរភាពរបស់ប្រទេស ដែលឥរស្សរជននយោបាយខ្មែរ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកជីវិតទៅប្តូរ និងបានធ្វើពលិកម្មយ៉ាងច្រើនឥតគណនា នៅក្នុងបុព្វហេតុជាតិមាតុភូមិ ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលមានសន្តិភាព និងស្ថេរភាពនយោបាយជាបុរេលក្ខខណ្ឌដ៏ចាំបាច់បំផុតមិនអាចខ្វះបាន។

យោងលើទិដ្ឋភាពដូចរៀបរាប់ខាងលើ ពលរដ្ឋខ្មែរ ឬយុវជនទាំងនៅក្នុង និងនៅក្រៅប្រទេសគួរផ្តាច់ខ្លួន ឬស្ថិតនៅឲ្យឆ្ងាយពីយុទ្ធនាការដែលដឹកនាំ ឬដែលដាក់ចេញដោយមេបក្សជ្រុលនិយម និងបក្សពួកនៃក្រុមជ្រុលនិយមទាំងឡាយ កុំឲ្យមានជាប់ពាក់ព័ន្ធក្លាយជាអ្នកចូលរួមបង្ករគ្រោះដល់ជាតិ មាតុភូមិ និងនាំទុក្ខឲ្យខ្លួនឯង និងក្រុមគ្រួសារ៕