(ពោធិ៍សាត់)៖ លោក យា ប៊ុនណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធផលិតកម្ម LEAN និងការអនុវត្តប្រព័ន្ធ «ស៥» ជូនដល់និស្សិតវិទ្យាស្ថានពហុបច្ចេកទេសខេត្ត និងតំណាងម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងសេវាកម្ម នៅក្នុងខេត្តពោធិ៍សាត់ ប្រមាណជិត១០០នាក់។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តពោធិ៍សាត់ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលផលិតភាពជាតិ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពសិស្ស និស្សិត សហគ្រាសធុនតូច មធ្យម សិប្បកម្ម សេវាកម្ម និងភោជនីដ្ឋាន ឱ្យទទួលបាននូវចំណេះដឹង និងបទពិសោធន៍បន្ថែមទៀត។

លោក ឆែ វណ្ណសូដា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវន្តន៍ខេត្ត បានលើកឡើងថា ខេត្តពោធិ៍ សាត់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤ លើវិស័យសំខាន់ៗរួមមាន៖ កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្ម ជាគោលដៅសម្រាប់អភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ។ យុទ្ធសាស្ត្រថ្នាក់ជាតិ រួមមានគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា​ ដោយរក្សាកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងបង្កើនការងារជូនប្រជាពលរដ្ឋ ជាពិសេសយុវជនទាំងនៅទីក្រុងនិងនៅតាមជនបទ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា សម្រាប់វិស័យឧស្សាហកម្ម ក្នុងឆ្នាំ២០២៤ ​កំពុងដំណើរការនៅក្នុងខេត្ត មានចំនួន៨រោងចក្រ កម្មករមានចំនួន៤,៨០០នាក់ និងសហគ្រាសធុនតូច មធ្យម សិប្បកម្ម មានច្បាប់អនុញ្ញាតចំនួន៣១៨កន្លែង កម្មករមានចំនួន១,៥៩៤នាក់។

លោក យា ប៊ុនណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវន្តន៍ បានថ្លែងថា វគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធផលិតកម្ម LEAN និងការអនុវត្តប្រព័ន្ធ «ស៥» នៅក្នុងខេត្តពោធិ៍សាត់ នាពេលនេះ ពិតជាបានជួយអភិវឌ្ឍសមត្ថភាព ដល់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងអាជីវកម្ម បានយល់ដឹងបន្ថែម អំពីវិធីសាស្ត្រគ្រប់គ្រង ឱ្យមានភាពធន់ និងចីរភាព ស្របតាមស្ថានភាពបច្ចុប្បន្ន។ លោកបានបញ្ជាក់ថា បញ្ហាប្រឈមដែលភាគច្រើនម្ចាស់ផលិតករ អាជីវករ តែងតែជួបប្រទះ ដូចជាថ្លៃដើមខ្ពស់ ទីផ្សារតូច ប្រាក់ចំណេញថយចុះ និងមួយចំនួនឈានទៅបិទអាជីវកម្ម ដូចនេះជម្រើសចាំបាច់ សូមឱ្យខិតខំរៀនសូត្រ ក្នុងវគ្គបណ្តុះបណ្តាលនេះដើម្បីទទួលបានចំណេះដឹងមួយជាក់លាក់ និងធ្វើអាជីវកម្មប្រកបដោយចីរភាព។

លោករដ្ឋលេខាធិការបន្តថា នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលក៏ដូចជាក្រសួង បានខិតខំទ្វេរឡើង ក្នុងការជម្រុញ គាំទ្រ លើកទឹកចិត្តដល់វិស័យឯកជន ទាំងសហគ្រាសធុនតូច មធ្យម ឱ្យមានភាពរឹងមាំ នវានុវន្តន៍ និងចីរភាព ជាការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ វគ្គបណ្តុះបណ្តាលនេះ ជាមជ្ឈមណ្ឌលផលិតភាពជាតិ បាននាំយកវិធីសាស្ត្រ «ស៥» មានន័យថា សម្រិតសម្រាំង, សណ្តាប់ធ្នាប់, សម្អាត, ស្តង់ដា និងស្ថេរភាព។ ​ដើម្បីអនុវត្តកិច្ចការនេះទៅបាន សូមឱ្យក្រុមការងារ និងសិក្ខាកាមយកចិត្តទុកដាក់ ក្នុងការធ្វើបទបង្ហាញ និងប្រឹងប្រែងការស្តាប់ កត់ត្រា តាំងចិត្តមុតមាំ រួមគិត រួមធ្វើ និងបង្កើនចំណេះដឹង បទពិសោធន៍ សម្រាប់យកទៅអនុវត្តជាក់ស្តែងនៅមូលដ្ឋានផលិតកម្មរបស់ខ្លួន។

លោកបានបន្ថែមថា ការរៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍ រវាងអ្នកប្រកបអាជីវកម្មដូចគ្នា បើអាចធ្វើទៅបានជាការល្អពីព្រោះនៅប្រទេសក្នុងតំបន់ និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ បាននឹងកំពុងយកចិត្តទុកដាក់ អនុវត្តកម្មវិធីសាស្ត្រ «ស៥» និងប្រព័ន្ធផលិតកម្ម LEAN ដ៏មានប្រសិទ្ធិភាពនេះ។ លោកសង្ឃឹមថា ក្រោយបញ្ចប់វគ្គនេះ សិក្ខាកាមព្រមទាំងម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម និងអាជីវកម្ម យកទៅអនុវត្តពិតជាមានប្រសិទ្ធិភាព ជាក់ជាមិនខានឡើយ៕