(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើសមាគម អង្គការក្រៅរដ្ឋាភិបាល អនុវត្តសិទ្ធិរបស់ខ្លួនឲ្យបានត្រឹមត្រូវស្របតាមវិធានការច្បាប់។
ការលើកឡើងនេះរបស់ លោកអភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាស្តីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៦ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទនីតិរដ្ឋនៅកម្ពុជា» នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅក្រសួងមហាផ្ទៃ។
ឧបនាយករដ្ឋមន្ត្រី ស សុខា មានប្រសាសន៍យ៉ាងដូច្នេះថា «សូមស្នើដល់សមាជិកសមាជិកានៃអង្គវេទិកានេះ បន្តផ្សព្វផ្សាយចែករំលែកដល់បុគ្គលពាក់ព័ន្ធ ជាពិសេសសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួន ដោយអនុលោមតាមច្បាប់ជាធរមាន»។
លោកបន្តថា សូមចៀសវាងដាច់ខាតការធ្វើសកម្មភាពណាមួយ ដែលបង្កផលប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈរបស់សង្គមជាតិ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា តាមរយៈវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦នេះ ពិតជាទទួលបាននូវពុទ្ធិបន្ថែមទៀតពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលជាមូលដ្ឋានដ៏សំខាន់ ក្នុងការធានានូវនីត្យានុកូលភាពនៃការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនក្រោមក្របខណ្ឌនីតិរដ្ឋ នៅកម្ពុជា។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណ និងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់បន្តកិច្ចខិតខំរួមគ្នាបន្តទៀត ក្នុងគោលដៅដើម្បីសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សូមជម្រាប វេទិកានេះ រៀបចំឡើងក្នុងគោលបំណង ពិនិត្យអំពីវឌ្ឍនភាពការងារដែលសម្រេចបានបន្ទាប់ពីវេទិកាលើកទី៥ ការលើកកម្ពស់ការយល់ដឹងអំពី គោលការណ៍ និងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជា ការប្រមូលសំណើ និងសំណូមពរចាំបាច់របស់អង្គការសង្គមស៊ីវិលនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីដាក់ជូនក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ពិនិត្យសម្របសម្រួល ដោះស្រាយ និងលើកស្ទួយនូវការអនុវត្តសិទ្ធិសេរីភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទនីតិរដ្ឋនៅកម្ពុជា៕