(កំពត)៖ រដ្ឋបាលខេត្តកំពត បានរៀបចំពិធីប្រណាំងទូកងប្រពៃណី ចំណុះទូក ២៥នាក់ ដើម្បីចូលរួមអបអរសាទរ ដែលខេត្តកំពតមួយនេះ បានធ្វើជាម្ចាស់ផ្ទះ ក្នុងពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ដែលរៀបចំឡើង នៅថ្ងៃទី១៣, ១៤, ១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ «អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ»

វិធីប្រណាំងទូកងនេះ បានប្រព្រឹត្តធ្វើឡើងនៅ ឆ្នេរព្រះអង្គឌួង ស្ថិតក្នុងភូមិមួយឧសភា សង្កាត់កំពុងកណ្ដាល ក្រុងកំពត នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ប្រាប់ថា ពិធីប្រណាំងទូកង ចំណុះ២៥នាក់ មានចំនួន ២៨គូ។ ហើយមុនថ្ងៃពិធីប្រណាំងទូកងនេះ មន្ទីរបានចុះណែនាំ និងធ្វើការវាយតម្លៃ ចំពោះសេវាកម្មសេទចរណ៍ផ្សេងៗ បានយ៉ាងល្អប្រសើរ សម្រាប់ត្រៀមទទួលភ្ញៀវ ក្នុងពីធីប្រណាំងទូក និងពិធីបុណ្យសមុទ្រផងដែរ។ 

ចំពោះសេវាទេសចរណ៍ផ្សេងៗ នៅក្នុងខេត្ត បានរៀបរយយ៉ាងល្អ បន្ទាប់ពីមានការចុះណែនាំផ្ទាល់ ក្នុងនោះការកក់បន្ទប់ស្នាក់នៅទើបតែបានជាង៥០% ប៉ុណ្ណោះ។
តាមការពិនិត្យមកដល់ពេលនេះការដំឡើងស្តង់ ប្រមាណ ៥០០ស្តង់, ឆាកប្រគុំតន្ត្រី ៣ទីតាំង, ឆាកវេទិកាកិត្តិយស ១ឆាក និងក្រាលពីសលើឆ្នេរខ្សាច់ខាងមុខវេទិកាកិត្តិយស ធ្វើរួចរាល់ហើយ ដើម្បីត្រៀមរៀបចំកម្មវិធីបើកជាផ្លូវការ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាព របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

គួរបញ្ជាក់ថា ការអញ្ជើញមកដល់ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅវេលាម៉ោង ១៧៖០០ល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ដោយអញ្ជើញ កាត់ខ្សែបូសម្ពោធការតាំងពិពណ៌ផលិតផល និងម្ហូបអាហារ និងទស្សនាស្តង់ពិពណ៌ផលិតផល និងម្ហូបអាហារ។

កម្មវិធីនេះ រំពឹងទុកថា នឹងមានភ្ញៀវជាតិ- អន្តរជាតិ មកចូលរួមអបអាសាទរ និងទស្សនាយ៉ាងច្រើនកុះករ៕