(ក្រុងរុនតាឯកតេជោសែន)៖ ល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅក្រុងរុនតាឯកតេជោសែន បានរៀបចំកម្មវិធីដាក់បង្គោលអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យបំភ្លឺផ្លូវនៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានថ្លែងជម្រាបអង្គពិធីទាំងមូលបានជ្រាបថា សមាគមបានទទួលជំនួយអំពូលអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ សម្រាប់បំភ្លឺផ្លូវសាធារណៈ ពីអង្គការស្រាវជ្រាវ និងផ្សព្វផ្សាយអរិយធម៌អេកូឡូស៊ីរបស់ប្រទេសចិន និង អង្គការផ្សព្វផ្សាយអរិយធម៌អេកូឡូស៊ីស្រុកជាំងនីង ក្រុងណានជីង ដើម្បីដាក់បំភ្លឺផ្លូវ នៅក្នុងក្រុងរុនតាឯក។
លោកបណ្ឌិតបានថ្លែងអំណរគុណដល់លោក អ៊ឹង សុភ័ណ អភិបាលនៃគណៈអភិបាលក្រុងរុនតាឯកតេជោសែន លោក លូ ឈីជឺ អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា និងលោក Liu Wenzhi ប្រធានការិយាល័យមូលនិធិចិន PEACELAND ដែលបានគាំទ្រដល់បេសកកម្ម របស់សមាគមលើវិស័យអេកូឡូស៊ី ហើយលើកទឹកចិត្តដល់សមាគមក្នុងការបំពេញបាន នូវតម្រូវការជូនដល់ប្រជាជនក្នុងក្រុងរុនតាឯកតេជោសែន។
លោក អ៊ឹង សុភ័ណ អភិបាលនៃគណៈអភិបាលក្រុងរុនតាឯកតេជោសែន បានថ្លែងថាអំពូលសូឡាបំភ្លឺផ្លូវទាំងនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍក្រុងរុនតាឯក ហើយស្នាក់ការរបស់ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលគ្រោងនឹងដំណើរការនៅទីនេះ គឺជាវេទិកាដ៏សំខាន់ក្នុងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ ស្នាក់ការនេះជាបណ្ណាល័យ សម្រាប់សិស្សនៅពេលយប់ ជាទីតាំងដែលជនពិការបានបំពេញការងារសិប្បកម្ម ដោយដៃត្បាញស្មុកសម្រាប់បម្រើ ដល់វិស័យទេសចរណ៍។
លោកអភិបាលក្រុងសង្ឃឹមថាថ្នាក់ដឹកនាំនិងបុគ្គលិករបស់អង្គការស្រាវជ្រាវ និងផ្សព្វផ្សាយអរិយធម៌អេកូឡូស៊ីរបស់ប្រទេសចិន និង អង្គការផ្សព្វផ្សាយអរិយធម៌អេកូឡូស៊ីស្រុកជាំងនីង ក្រុងណានជីង អាចមកដល់ទឹកដីក្រុងរុនតាឯកឃើញដោយផ្ទាល់ពី ផលដែលទទួលបានពីអំពូលសូឡាបំភ្លឺផ្លូវទាំងនេះ។
គួរបញ្ជាក់ផងដែរ បន្ថែមពីលើការដាំបង្គោលអំពូលសូឡាបំភ្លឺ លោកអភិបាលក្រុងរុនតាឯកតេជោសែន និងលោក លូ ឈីជឺ អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានរួមគ្នាដាំដើមឈើមិត្តភាព នៅក្នុងស្នាក់ការរបស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនប្រចាំក្រុងរុនតាឯកថែមទៀតផង៕
វិទ្យុមិត្តភាពកម្ពុជាចិន