(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា រហូតមកដល់ពេលនេះក្រសួងមហាផ្ទៃ មិនទាន់បានបិទអង្គការសង្គមស៉ីវិលណាមួយទេ ពោលនៅតែបន្តសហការធ្វើការ គ្រាន់តែហៅមកតម្រង់ទិសទៅតាមលក្ខខណ្ឌ ដែលបានតម្កល់នៅក្រសួងស្ថាប័នដែលពាក់ព័ន្ធមួយចំនួន។

ការអះងអាងរបស់ឧបនាយរដ្ឋមន្ត្រី ស សុខា បានធ្វើឡើងក្នុងឱកាសអញ្ជើញបិទវេទិកាស្តីពីភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៦ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅក្រសួងមហាផ្ទៃ។

ឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ចាក់ជូនទៅដល់តំណាងសមាគមមិនមែនរដ្ឋាភិបាលទាំងអស់ ក្នុងអាណាត្តិថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជាមកដល់ម៉ោងនេះ មិនទាន់បាន ចេញពីក្រសួងមហាផ្ទៃតែម្តង គឺមិនទាន់បានលុបសមាគម អង្គការណាមួយនោះទេ សូម្បីតែមួយក៏អត់ដែរ ផ្ទុយទៅវិញបើយើងចុះទៅឃើញថាបានបិទទ្វាហើយ រឺមួយក៏មិនមានការឆ្លើយតបទៅហ្នឹងការស្នើរសុំ កិច្ចការមួយចំនួនដែលជាកាតព្វកិច្ចរបស់សមាគម អង្គការនោះ នោះជារឿងមួយទៀត »។

លោកអភិសន្តិបណ្ឌិត ស សុខា បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៣ សមាគមអង្គការមិនមែនរដ្ឋាភិបាលដែលមានមូលដ្ឋាន ក៏ដូចជាមានបញ្ជីនៅក្នុងប្រព័ន្ធទាំងអស់មានជាងប្រមាណ៧០០០ ប៉ុន្តែបន្ទាប់ពីក្រសួងចាប់ផ្តើម ធ្វើបច្ចុប្បន្នភាពឡើងវិញពីជាង៧០០០ ថយមកនៅត្រឹមប្រហែលជាង ៤០០០សមាគមអង្គការមិនមែនរដ្ឋាភិបាល ខណៈជាង ៣០០០សមាគមអង្គការមិនមែនរដ្ឋាភិបាលដែលបានថយនោះ អ្នកខ្លះបិទទ្វា អ្នកខ្លះប្តូរប្រធាន ខ្លះត្រូវបានត្រឡប់ទៅប្រទេសវិញ។

ក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពនេះ មិនមែនជាការរឹតបន្តឹងនៃការមិនឲ្យធ្វើសកម្មភាពនានា ដូចដែលសមាគមអង្គការមួយចំនួនបានលើកឡើងនោះទេ ប៉ុន្តែត្រូវការសមាគមអង្គការណា ដែលអាចអភិវឌ្ឍទៅជាមួយគ្នាបាន។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា នៅលើពិភពលោក មិនថានៅតំបន់អាស៊ាន អាស៉ីអ៉ឺរ៉ុប សមាគមអង្គការទាំងអស់តែងតែស្ថិតនៅក្រោមច្បាប់ ហើយបើសិនជាមានសមាគមអង្គការណាដែលនៅក្រៅច្បាប់ អាចប្រាប់មកក្រុមការងារបាន ដើម្បីចុះទៅសិក្សាស្រាវជ្រាវ ក៏ដូចជារៀនបន្ថែម៕