(ភ្នំពេញ)៖ តាមប្រភពពីមេធាវីដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦មុននេះបន្តិចថា មានមេធាវីមួយរូបទៀតហើយ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីស្តាប់ចំលើយពាក់ព័ន្ធនឹងការរត់ការ ។
មេធាវីដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ កោះហៅនោះ មានឈ្មោះ ឈី សម្បត្តិ ជាមេធាវី និងជាសមាជិកក្រុមប្រឹក្សាគណៈមេធាវីអណត្តិទី៨។
បើយោងតាមសេចក្តីជូនដំណឹងរបស់លោក ប៊ុន ហុន ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ បានឲ្យដឹងថា លោកមេធាវី ឈី សម្បត្តិ ក៏ជាបេក្ខជនមួយរូបក្នុងចំណោមបេក្ខជនទាំងបួនរូប ដែលបានចុះឈ្មោះជាផ្លូវការ ដើម្បីប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី សម្រាប់អណត្តិទី១១ នៅពេលខាងមុខនេះផងដែរ៕