(ភ្នំពេញ)៖ ដើម្បីចូលរួមអនុវត្តសារាចរណែនាំលេខ ០៧២ សណន ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំចំនួន ៤ចំណុច ដើម្បីធ្វើយ៉ាងណាបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ។

នៅក្នុងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំ ដូចខាងក្រោម៖

១៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ ត្រូវរៀបចំអនុវត្តនូវការងារមួយចំនួនដូចខាងក្រោម៖

* ត្រូវបន្តពង្រឹងអនុវត្តវិធានការទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន
* ត្រូវចាត់វិធានការតឹងរឹងក្នុងការតាមដាន និងហាមឃាត់ការផ្សព្វផ្សាយ និងចែករំលែកបន្តនូវរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងច្បាប់គ្រប់ប្រភេទ
* ត្រូវចាត់វិធានការត្រួតពិនិត្យការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅក្នុងមូលដ្ឋានដូចជាផ្ទាំងប៉ាណូ របារកាត់ទទឹងផ្លូវ ទូរទស្សន៍ LED ផ្ទាំងផ្សព្វផ្សាយលើតុកតុក ។ល។ ករណីរកឃើញថាមានការ
ផ្សព្វផ្សាយល្បែងស៊ីសង ត្រូវចាត់វិធានការបកផ្ទាំងផ្សព្វផ្សាយនោះចេញជាបន្ទាន់
* ត្រូវសហការជាមួយមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យយល់ដឹងពីហានិភ័យ និងផលប៉ះពាល់នៃការលេងល្បែងស៊ីសង ដើម្បីចូលរួមទប់ស្កាត់ការលេងល្បែង ស៊ីសងខុសច្បាប់ ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព»

២៖ មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវជំរុញលើកទឹកចិត្តស្ថានីយទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ឱ្យផលិតវីដេអូដែលមានខ្លឹមសារផ្តល់ចំណេះដឹងពីផលប៉ះពាល់នៃការលេងល្បែងស៊ីសងខុសច្បាប់ ដើម្បី ផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងបន្ថែមពីបញ្ហានេះ

៣៖ ហាមដាច់ខាតនូវការប្រើប្រាស់អាវយឺត ឬសម្ភារផ្សេងៗដែលមានបោះពុម្ពរូបភាព (Screen) ផេកកាស៊ីណូ អនឡាញ ឬការលើកទឹកចិត្តផ្សេងៗឱ្យលេងល្បែងស៊ីសងនៅក្នុងកម្មវិធីប្រគំតន្ត្រី និងកម្មវិធីកម្សាន្ត សប្បាយផ្សេងៗនៅរាជធានីភ្នំពេញ

៤៖ គ្រប់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវបកចេញជាបន្ទាន់នូវផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមាន រូបភាព ឬខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ៖