(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានដាក់បទបញ្ជាឲ្យកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ និងអាជ្ញាធរដែនដី ត្រូវបង្រ្កាបល្បែងស៊ីសងអនឡាញខុសច្បាប់ កុំឱ្យមាននៅលើទឹកដីខេត្តព្រះវិហារ។
ការថ្លែងណែនាំរបស់លោកនាយឧត្តមសេនីយ៍ ខេង សុមេធ បែបនេះក្នុងឱកាសដែលលោក អញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ព្រមទាំងប្រតិភូមអមដំណើរ និងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុង ស្រុក អញ្ជើញចូលរួមបិទសន្និបាតបូក សរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
នាយឧត្តមសេនីយ៍ ខេង សុមេធ បានផ្តាំផ្ញើការសួសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគបាលជាតិ ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ជានិច្ច ពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហាររបស់យើង។
នាយឧត្តមសេនីយ៍ ខេង សុមេធ បានណែនាំ និងដាក់បទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបង្រ្កាបល្បែងស៊ីសងអនឡាញខុសច្បាប់កុំឱ្យមាននៅក្នុងខេត្តព្រះវិហារ។ នាយឧត្តមសេនីយ៍ បានណែនាំដល់មន្រ្តី នគរបាលនៅតាមបណ្តាការិយាល័យជំនាញនីមួយៗ ត្រូវខិតខំយកចិត្តទុកដាក់លើការងារសន្តិសុខ ការងារព្រហ្មទណ្ឌ ការងារសណ្តាប់ធ្នាប់ ការងារគ្រប់គ្រង់ជនអន្តោរប្រវេសន៍ និងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមខ្សែបន្ទាត់ព្រំដែន និងជុំរុញបន្ថែមចំពោះការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពផងដែរ។
ដោយឡែកលោក គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយឧត្តមសេនីយ៍ ខេ សុមេធ ដែលបានគិតគូពីប៉ុស្តិ៍ព្រំដែនរបស់យើង ថែមទាំងគិតគូរពីជីវភាពរស់នៅប្រចាំថ្ងៃរបស់កងកម្លាំងនគរបាលព្រំដែន។ លោកអភិបាលខេត្ត បានថ្លែងថា បើសិនគ្មានវត្តមាននាយឧត្តមសេនីយ៍នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហាររបស់យើងទេ ក៏គ្មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះដែរ ដែលនេះបានបង្ករលទ្ធភាពឱ្យកម្លាំងនគរបាលព្រំដែនយើង ការពារបាននូវបូរណៈភាពទឹកដី និងបង្ក្រាបបទល្មើសនានានៅតាមខ្សែបន្ទាត់ព្រំដែនផងដែរ។
លោកបានកោតសរសើរអង្គភាពស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អទូទាំងខេត្ត ក៏ដូចជាបង្រ្កាបបទល្មើសនានា។
លោកថ្លែងលើកទឹកចិត្តដល់នគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវលើកផែនការស្រាវជ្រាវនិងបង្រ្កាបគ្រឿងញៀននៅតាមមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធិភាព ចំពោះកងកម្លាំងឈរជើងតាមព្រំដែន ត្រូវធ្វើការឱ្យសកម្មទ្វេរដង និងលុបបំបាត់ចោលនូវការនាំចូលគ្រឿងញៀន ចូលមកក្នុងខេត្តព្រះវិហារ ក៏ដូចជាចូលមកក្នុងប្រទេសកម្ពុជាផងដែរ។
ក្នុងឱកាសចូលរួមពិធីបិទសន្និបាទនាពេលនេះនាយឧត្តមសេនីយ៍ ខេង សុមេធ បាននាំម៉ូតូធុនធំចំនួន១០គ្រឿង ដែលជាអំណោយនាយឧត្តមសេនីយ៍ ស ថេត ប្រគល់ជូនអង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែន គោកលេខ១០៥ និងបានឧបត្ថម្ភស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ថវិកាចំនួន១០លានរៀល អាវុធហត្ថខេត្ត២លានរៀល សឹករងខេត្ត២លានរៀល អភិបាលក្រុង ស្រុក ម្នាក់ៗ២លានរៀល ព្រមទាំងមន្ត្រីនគរបាលសរុប២៧៥នាក់ ក្នុងម្នាក់ៗថវិកា២០ម៉ឺនរៀលផងដែរ៕