(រតនគិរី)៖ លោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរង តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានជំរុញដល់កងកម្លាំង របស់ស្នងការនគរបាលខេត្តរតនគិរី ត្រូវខិតខំបន្ថែមទៀត ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ អ្នកទេសចរជាតិ អន្តរជាតិ និងថ្នាក់ដឹកនាំឲ្យបានកាន់តែប្រសើរសាក់សមជាខេត្តទេសចរណ៍ បែបធម្មជាតិនៃភូមិភាគឦសាន្ត។
លោកឧត្តមសេនីយ៍អគ្គស្នងការរង បានជំរុញបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
លោកឧត្តមនីយ៍លើកឡើងថា កន្លងមកស្នងការនគរបាលខេត្តរតនគិរី ដែលបានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ ដែលយើងអាចវាយតម្លៃបានថា សមិទ្ធផលទាំងអស់នេះ កើតចេញពីសាមគ្គីភាពផ្ទៃក្នុងអង្គភាពបានល្អ។
ប៉ុន្តែទោះបីយ៉ាងនេះក្តី លោកឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បានណែនាំដល់កម្លាំងស្នងការនគរបាលខេត្តរតនគិរីទាំងអស់ ត្រូវខិតខំបន្ថែមទៀត ក្នុងកិច្ចការងារពាក់ព័ន្ធបទល្មើសឆ្លងដែន បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា សកម្មភាពក្មេងទំនើង បទល្មើសល្បែងស៊ីសង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងកិច្ចការសំខាន់ជាច្រើនទៀត។
ក្នុងឱកាសនេះ លោក ម៉ា វិចិត្រ អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី លើកឡើងថា ស្នងការនគរបាលខេត្តរតនគិរី បានចូលរួមចំណែកយ៉ាងសកម្ម ជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋគ្រប់មជ្ឃដ្ឋាន ក្នុងការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ។
យោងតាមរបាយការណ៍ របស់លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានឲ្យដឹងថា លទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ ដោយពាក់ព័ន្ធ និងបទល្មើស មានការថយចុះជាងបណ្តាឆ្នាំមុនៗ រាល់បទល្មើស ដែលកើតឡើងសមត្ថកិច្ច ធ្វើការបង្ក្រាបបាន១០០%។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា ថ្វីត្បិតតែបែបនេះ ស្ថានភាពសន្តិសុខមានភាពល្អប្រសើរយ៉ាងនេះក្តី ប៉ុន្តែក្នុងនាមស្នងការនគរបាលខេត្ត នៅតែបន្តអនុវត្តយុទ្ធសាស្ត្រនានា ដែលរាជរដ្ឋាភិបាលដាក់ចេញ និងបានចាត់តាំងកម្លាំងការពារ ធានារាល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បង្ការទប់ស្កាត់នូវរាល់បាតុភាពផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ព្រមទាំងកសាងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធានាថែរក្សាសន្តិសុច សុវត្ថិភាពក្នុងខេត្តបន្ថែមទៀត៕