(ឧត្ដរមានជ័យ)៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តឧត្តរមានជ័យ ឃាត់ខ្លួន ក្រោយពួកគេបានដាក់ម៉ូទ័រឆក់សត្វដោយខុសច្បាប់ និងបណ្តាលឱ្យសត្វទន្សោង១ក្បាលងាប់ រួចហើយពន្លះយកសាច់លក់។

ក្រោយមានបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ, នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី ផេង តារា ស្នងការរងផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ទោ កេត សុធា នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង និងកម្លាំងអធិការដ្ឋាននគរបាលស្រុកចុងកាល់ ចុះបង្រ្កាបករណី ដាក់ម៉ូទ័រឆក់សត្វខុសច្បាប់ នៅចំណុះចំការក្រូចឆ្មា របស់ឈ្មោះផែនស្ថិតនៅភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង។

ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន៖

*ទី១៖ ឈ្មោះ បូ កក្កដា អាយុ១៨ឆ្នាំ មុខរបរកសិករ
*ទី២៖ ឈ្មោះ តូ ដា អាយុ៣៤ឆ្នាំ មុខរបរកសិករ។ ជនសង្ស័យមានទីលំនៅបច្ចុប្បន្ន ភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖ ត្រាក់ទ័រគូបូតាចំនួន០១គ្រឿង គោយន្ដកន្រ្ដៃយ៍ចំនួន០១គ្រឿង ម៉ូតូចំនួន០២គ្រឿង សាច់ទន្សោងចំនួន ៤៥គីឡូក្រាម ក្បាលទន្សោង០១ ជើងទន្សោងចំនួន០២គូ កន្ទុយទន្សោងចំនួន០១ និងទូរស័ព្ទចំនួន០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលខេត្ដឧត្ដរមានជ័យ ប្រគល់ឲ្យជំនាញមន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិវីធីច្បាប់៕