(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានស្រាវជ្រាវមុខសញ្ញាពាក់ព័ន្ធករណីលួចម៉ូតូ និងទទួលផលចោរកម្ម ដែលជាក្រុមមុខសញ្ញាលួចយ៉ាងសកម្ម ក្នុងភូមិសាស្ដ្រ ក្រុងសិរីសោភ័ណ រហូតដល់ចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ឈានដល់ការឃាត់ជនសង្ស័យឈ្មោះ គុន្ធ ស្រីលិ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរិសោភ័ណ ហើយនាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ។
ក្រោយស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យ, លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំងចុះប្រតិបត្តិការឃាត់ខ្លួនបក្ខពួកជាបន្ដបន្ទាប់២នាក់បន្ថែមទៀត រួមមាន៖
*ទី១៖ ឈ្មោះ មិច គំនិត អាយុ៤៣ឆ្នាំ
*ទី២៖ ឈ្មោះ ទិព្វ វឹលបែង អាយុ២៣ឆ្នាំ ព្រមទាំងចាប់យកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ គ្មានផ្លាកលេខ ចំនួន១គ្រឿង រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីសួរនាំ និងធ្វើតេស្តទឹកនោមរកសារធាតុញៀន ហើយរកឃើញថាសវិជ្ជមាន។
លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច សង្ស័យឈ្មោះ គុន្ធ ស្រីលិ និងឈ្មោះ ទិព្វ វឹលបែង ត្រូវបានចោទប្រកាន់ពីករណីទទួលផលចោរកម្ម (ម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន។ ដោយឡែកឈ្មោះ មិច គំនិត គឺជាមេក្លោងទទួលផលចោរកម្ម នៃបទល្មើសលួចម៉ូតូ ដែលប្រព្រឹត្តយ៉ាងសកម្មនៅក្នុងភូមិសាស្រ្ដក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ បានធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕