(កំពុងឆ្នាំង)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សព្វថ្ងៃនេះក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច​កំពុងសម្ងំនៅទីងងឹត​ដើម្បីផលិតព័ត៌មានក្លែងក្លាយ មួលបង្កាច់ បំផ្លើសបំភ្លៃគ្រប់ទម្រង់ក្នុងគោលបំណងញុះញង់បង្កឱ្យមានចលាចលសង្គមតាមសេណារីយោបដិវត្តន៍ពណ៌របស់ខ្លួន។ ប៉ុន្តែព័ត៌មានពិត គឺជាពន្លឺដែលចូលទៅលុបបំបាត់​ទីងងឹត​ដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយទាំងនោះឱ្យអស់ពីសង្គមយើង។

លោក ប៉ែន បូណា បានបន្ថែមថា តាមរយៈព័ត៌មានពិតដែលយើងបានបង្ហាញ មិនត្រឹមតែប្រជាពលរដ្ឋទូទៅទេដែលយល់ច្បាស់ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល សូម្បីអ្នកដែលធ្លាប់គាំទ្រ​ក្រុមប្រឆាំងជ្រុលនិយម​ក៏បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដូចទឹកបាក់ទំនប់។

លោក ប៉ែន បូណា បានធ្វើឡើងដូចនេះនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ដល់មន្ត្រីនិងអ្នកនាំពាក្យខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក សាន់ យូ អភិបាលរងខេត្តតំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក លោកស្រី ជាមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត មន្ទីរអង្គភាព ក្រុងស្រុក និងឃុំសង្កាត់ សរុបជាង ៤០០នាក់។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានពន្យល់បន្តទៀតថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នមា សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានសាងស្នាដៃធំធេងមហិមាជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋខ្មែរ។ សមិទ្ធផលរាប់មិនអស់ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសុខសន្តិភាព និងការបង្រួបបង្រួមជាតិដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ​សម័យទំនើបជាង ៥០០ឆ្នាំ ចុងក្រោយគឺជាតឹតតាងប្រវត្តិសាស្ត្រយ៉ាងច្បាស់លាស់ដែលគ្មានអ្នកណាអាចកាឡៃបាន។ សមិទ្ធផលទាំងអស់នេះនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល​ដែលបាននិងកំពុងបម្រើ​សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ គឺជាព័ត៌មានពិតដែលយើងត្រូវបញ្ជ្រាបឱ្យប្រជាពលរដ្ឋបានដឹងជាប្រចាំតាមមធ្យោបាយដែលមានប្រសិទ្ធភាពខ្ពស់។

នាឱកាសនោះដែរលោក ប៉ែន បូណា ក៏បានកោតសរសើរដល់រដ្ឋបាលខេត្តកំពង់ឆ្នាំងដែលបានរៀបចំក្រុមការងារគ្រប់គ្រងនិងឆ្លើយតបព័ត៌មានបានយ៉ាងល្អ ទាំងសកម្មភាពបុរេសកម្មនិងប្រតិកម្ម។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលមានបទពិសោធជិត៣០ឆ្នាំក្នុងវិស័យព័ត៌មាន ក៏បានចែករំលែកដល់សិក្ខាកាមអំពីចិត្តសាស្ត្រ ចរិត និងជ្រុងនៃព័ត៌មាន ក៏ដូចជាការយល់ដឹងអំពីល្បិច​កិច្ចកល​របស់ក្រុមប្រឆាំងជ្រុលនិយមនិងប្រព័ន្ធឃោសនារបស់ពួកគេ ក្នុងការប្រើប្រាស់ព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃដើម្បីញុះញង់ឱ្យមានចលាចលក្នុងសង្គម។

ក្នុងន័យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានសង្កត់ធ្ងន់លើការងារបុរេសកម្មរបស់មន្ត្រីអាជ្ញាធរ និងអ្នកនាំពាក្យក្នុងការនាំព័ត៌មានពិត ដែលអាជ្ញាធរនិងរាជរដ្ឋាភិបាលបានធ្វើ ទៅប្រាប់ប្រជាពលរដ្ឋឱ្យបានដឹង និងត្រូវធ្វើឱ្យបានសកម្ម ខណៈដែលវិធានការច្បាប់ត្រូវចាត់ឡើងចំពោះក្រុមជនទាំងឡាយណាដែលដើរលើសពីបន្ទាត់ក្រហមនៃច្បាប់ដើម្បីពង្រឹងនីតិរដ្ឋ។

នាឱកាសនោះដែរលោក សាន់ យូ ក៏បានឱ្យដឹងថា ការងារព័ត៌មាននិងសាធារណមតិ គឺជាកិច្ចការដ៏មានសារសំខាន់ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុត ស្របពេលដែលពិភពលោកមានការរីកចម្រើន​ផ្នែកបច្ចេកវិទ្យាព័ត៌មាន ដែលធ្វើឱ្យប្រជាពលរដ្ឋងាយទទួលនិងផ្តល់ព័ត៌មាន ពោលគឺការងារព័ត៌មានអាចជួយឱ្យយើងមានទំនាក់ទំនង និងយល់គ្នាទៅវិញទៅមករវាងរដ្ឋនិងប្រជាជន។ យ៉ាងណាក៏ដោយ ជាមួយនឹងភាពងាយស្រួលនេះ ក៏យើងសង្កេតឃើញថា មានបញ្ហាជាច្រើនដែលបានកើតមកជាមួយដែរ ដូចជាបញ្ហាព័ត៌មានក្លែងក្លាយ ព័ត៌មានអុជអាល ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ។ល។ ដែលទាមទារឱ្យយើងមានការប្រុងប្រយ័ត្ន ចេះគ្រប់គ្រង និងចេះឆ្លើយតប ដើម្បីការពារ និងរក្សាតម្លៃនៃការដឹកនាំរបស់រដ្ឋាភិបាល និងតម្លៃរបស់រដ្ឋបាលសាធារណៈ។

គួរជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ យល់ដឹងពីកិច្ចការផ្សព្វផ្សាយព័ត៌មាននិងនាំពាក្យ ចែករំលែកពីបទពិសោធកិច្ចការព័ត៌មាន និងអ្នកនាំពាក្យ បង្កើននូវជំនាញក្រុមការងារព័ត៌មាននិងនាំពាក្យប្រកបដោយវិជ្ជាជីវៈ និងកសាងបណ្តាញរវាងអ្នកនាំពាក្យ និងក្រុមព័ត៌មាន៕