(អូស្រ្តាលី)៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ពាណិជ្ជករ និងអាជីវករខ្មែរទាំងអស់ ដែលរស់នៅប្រទេសអូស្រ្តាលី ឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើន ដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋខ្មែរ ពិសេសចូលរួមអភិវឌ្ឍន៍ប្រទេសកំណើត ឱ្យកាន់តែរីកលូតលាស់ថែមទៀត។
ការប្រកាសលើកទឹកចិត្តយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពេលចូលរួម ពិសារអាហាសាមគ្គី នឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ពាណិជ្ជករ និងអាជីវករខ្មែរដែលរស់នៅប្រទេសអូស្រ្តាលី នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដើម្បីបានបញ្ជាក់ប្រាប់ពីស្ថានភាពប្រទេស និងឱកាសវិនិយោគជាច្រើន នៅប្រទេសកម្ពុជា។
ក្នុងជំនួបនោះ លោក ហ៊ុន ម៉ាណែត បានបង្ហាញអំពីសក្តានុពល និងការរីកចម្រើនលើគ្រប់វិស័យ ក៏ដូចជាសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ នៅប្រទេសកម្ពុជា ប្រាប់ដល់ពាណិជ្ជករ អាជីវករខ្មែរទាំងអស់ សម្រាប់ការស្វែងរកឱកាសវិនិយោគទុន។
លោកក៏បានបង្ហាញពីសមត្ថភាពរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនដែលជាកម្លាំងកសាងសង្គមដ៏រឹងមាំ និងបានអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឥតឈប់ឈរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារ ក៏ដូចជាសមត្ថភាពក្នុងការសិក្សាទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលនេះគឺជាចំណុចមួយដ៏សំខាន់ ទាក់ទងទៅនឹងធនធានមនុស្ស នៅក្នុងវិស័យពាណិជ្ជកម្ម។
លោក ហ៊ុន ម៉ាណែត បានអំពាវនាវ និងលើកទឹកចិត្តនៅចំពោះមុខអ្នកចូលរួមទាំងអស់ថា «ក្នុងប្រទេសកម្ពុជាមានសកត្តានុពលជាច្រើន ដែលជាឱកាសសម្រាប់ឱ្យពាណិជ្ជករ និងអាជីវករដែលមានបំណងចង់ទៅវិនិយោគទុន ក្នុងនោះកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពពេញលេញ ហើយជាប្រទេសដែលមានសក្តានុពលទៅលើវិស័យជាច្រើន ហើយសមត្ថភាពរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន ត្រូវបានអភិវឌ្ឍន៍សមត្ថភាព យ៉ាងល្អប្រសើរ និងរឹងមាំ»។
ជាមួយនឹងការលើកទឹកចិត្តនេះ លោក ហ៊ុន ម៉ាណែត បានសន្យាថា នឹងធ្វើការសម្របសម្រួលទៅលើវិស័យជាច្រើន និងសម្របសម្រួលឱ្យមានយន្តការងាយស្រួល សម្រាប់ឱ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសពាណិជ្ជករ អាជីវករខ្មែរ នៅប្រទេសអូស្រ្តាលី មានឱកាសទៅវិនិយោគនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានស្តាប់ និងទទួលយកនូវសំណូមពរ និងសំនួរមួយចំនួនពីពាណិជ្ជករ អាជីវករខ្មែរនៅអូស្រ្តាលី ដើម្បីស្វែងរកនូវយន្តការសមស្រប ក្នុងការទំនាក់ទំនងងាយស្រួល ដើម្បីឱ្យពួកគាត់មានឱកាសកានតែច្រើនឡើងថែមទៀត ក្នុងការវិនិយោគទុននៅក្នុងប្រទេសកម្ពុជា ដែលទាំងអស់នេះ គឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស និងការជួយបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ។
សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត បានចាកចេញពីប្រទេសកម្ពុជា ដើម្បីធ្វើទស្សនកិច្ចនៅប្រទេសអូស្រ្តាលី និងប្រទេសញូហ្សេឡេន រយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី៦-១៩ ខែតុលា ឆ្នាំ២០១៦ ក្នុងគោលបំណងជួបជុំជាមួយប្រជាជនខ្មែរ ដែលរស់នៅប្រទេសអូស្ត្រាលី និងប្រទេសញូហ្សេឡេន ព្រមទាំងជួបមន្ត្រីរដ្ឋាភិបាល និងសមាជិកសភាអូស្ត្រាលី។ ដោយឡែក រហូតមកដល់ថ្ងៃទី១៤ ខែតុលានេះ ដំណើរទស្សនកិច្ចរបស់លោក មានរយៈពេល ៨ថ្ងៃហើយ៕