(ភ្នំពេញ)៖ ពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទីទី១៩-២២ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមប្រធានបទ៖ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត»។ ពិព័រណ៍នេះ នឹងធ្វើឡើងនៅកោះពេជ្រ ដើម្បីអភិវឌ្ឍចំណេះដឹង និងបង្កើនគំនិតសម្រាប់ការសិក្សានិងការងារ ក្នុងការអានសៀវភៅ។

ការប្រកាសអំពីការរៀបចំពិព័រណ៍សៀវភៅលើកទី១០នេះ បានធ្វើឡើងដោយគណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។ សន្និសីទនេះមានការចូលរួមពី លោកបណ្ឌិត គឹម ពីនន់ តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក សុខ ឫទ្ធី តំណាងគណៈកម្មការពិព័រណ៌សៀវភៅកម្ពុជា លោក ហុកសុទ្ធិ តំណាងគណៈកម្មការពិព័រណ៍សៀវភៅកម្ពុជា លោក ព្រំ វិទូ តំណាង Tiger Balm និងលោក ណូ ច័ន្ទណារ៉ា តំណាងក្រុមហ៊ុន OCIC ព្រមទាំងក្រុមការងារជាច្រើននាក់។

ពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ មានគោលដៅដូចជា៖

១៖ ជួយផ្សព្វផ្សាយការបោះពុម្ពសៀវភៅគ្រប់ប្រភេទ (ទាំងស្នាដៃអ្នកនិពន្ធចាស់-ថ្មី) ដើម្បីឱ្យមានទីផ្សារទាំងក្នុង និងក្រៅប្រទេស
២៖ ជំរុញឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅហើយជាសារមួយបញ្ជូនទៅដល់ យុវជនឱ្យស្គាល់ពីគុណតម្លៃនៃការអានដើម្បីអភិវឌ្ឍចំណេះដឹងនិងបង្កើនគំនិតសម្រាប់ ការសិក្សានិងការងារ
៣៖ បង្កើនកម្មវិធីនិទានរឿងនិងគូរគំនូររូបភាពផ្សេងៗដល់កុមារដើម្បីបណ្តុះទឹកចិត្តកុមារ ឱ្យស្រលាញ់និងចូលចិត្តសៀវភៅតាំងពីនៅតូចៗ
៤៖ គាំទ្រឧស្សាហកម្មបោះពុម្ពផ្សាយនៅកម្ពុជានិងនៅក្នុងពិភពលោក
៥៖ លើកទឹកចិត្តកវី អ្នកនិពន្ធ អ្នកស្រាវជ្រាវ វិចិត្រករខ្មែរ ដើម្បីបង្កើតស្នាដៃថ្មីៗបន្ថែមទៀត។

បន្ថែមពីនេះ សកម្មភាពនៃការរៀបចំពិព័រណ៍សៀវភៅឆ្នាំ២០២៤ «១៩-២២ ធ្នូ ២០២៤» មានដូចជា៖ ការដាក់តាំងសៀវភៅដែលចូលរួមពី អ្នកនិពន្ធ គ្រឹះស្ថានបោះពុម្ពផ្សាយ និងបណ្ណាគារ នានាក្នុងព្រះរាជាណាចក្រកម្ពុជា (សៀវភៅមួយចំនួននឹងដាក់លក់ក្នុងតម្លៃពិសេស), វេទិកាស្តីពីការបោះពុម្ពផ្សាយតាមប្រព័ន្ធអេឡិកត្រូនិក, ការធ្វើបទបង្ហាញនានាទាក់ទងទៅនឹងអក្សរសាស្ត្រអក្សរសិល្ប៍ខ្មែរ និងវិទ្យាសាស្ត្រ ៤-ការនិពន្ធសៀវភៅទៅជាខ្សែភាពយន្ត និងការអភិវឌ្ឍជំនាញការអាន ចាប់ផ្តើមអំណាន ពីដំណាក់កាលដំបូងនៃជីវិត (រួមទាំងអំណានថ្នាក់ដំបូង), ការចួបពិភាក្សា និងការទទួលយកបទពិសោធពីអ្នកនិពន្ធល្បីៗ និងមានការចុះហត្ថលេខា ពីអ្នកនិពន្ធព្រមទាំងវិចិត្រករ, កម្មវិធីអានរឿង និងល្បែងសិក្សាសម្រាប់កុមារ, ការប្រគំតន្ត្រី និងសំណួរចម្លើយចាប់យករង្វាន់ផ្សេងៗ។

លើសពីនេះទៅទៀត បើគិតពីមួយឆ្នាំទៅមួយឆ្នាំ ការតាំងពិព័រណ៍សៀវភៅកម្ពុជា បានទទួលការគាំទ្រពី សាធារណជន ពិសេសយុវជន កាន់តែច្រើនឡើងៗ ហើយបានក្លាយជាព្រឹត្តិការណ៍វប្បធម៌មួយដ៏ សំខាន់ ក្នុងការផ្សព្វផ្សាយ និងជំរុញលើកទឹកចិត្តឱ្យប្រជាជនខ្មែរ មានទម្លាប់ក្នុងការអានសៀវភៅ និងស្គាល់ពីគុណតម្លៃនៃការអាន ដើម្បីអភិវឌ្ឍន៍ចំណេះដឹង និងការងារ៕