(ភ្នំពេញ)៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ហៅកាត់ JCI Cambodia បានរៀបចំពិធីផ្ទេរខ្សែកតំណែងប្រធានថ្នាក់ជាតិ និងថ្នាក់តំបន់ឆ្នាំ២០២៤ ជូនប្រធានថ្នាក់ជាតិ និងថ្នាក់តំបន់អាណត្តិថ្មី ក្រោមអតិបតីភាពឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីល្ងាចថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារSun & Moon។
ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិក សមាជិកានៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងអន្តរជាតិជាច្រើនរូបផងដែរ។
អ្នកឧកញ៉ា គីម សុខអេង ម្ចាស់គម្រោងអភិវឌ្ឍន៍ KK The Residece 598 ទទួលបានការផ្ទេរខ្សែកតំណែងប្រធានសភាយុវពាណិជ្ជករកម្ពុជា សាខាមេគង្គ ពីលោក ហ៊ីង ទីពី ដែលជាប្រធានឆ្នាំ២០២៤។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងក្តីរីករាយក៏ដូចជាកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានាដែលសម្រេចបានរបស់សមាជិក JCI Cambodia ទាំងអស់។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា គ្រប់សកម្មភាពទាំងអស់របស់ JCI Cambodia បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់ឱកាសឱ្យយុវជនបានពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈការចូលរួមក្នុងកម្មវិធីនានា ដើម្បីក្រេបជញ្ជក់យកបទពិសោធនិងក្លាយជាផ្នែកមួយនៃការជំរុញភាពវិជ្ជមានជូនសង្គមជាតិ។
សូមជម្រាបជូនថា អ្នកឧកញ៉ា គីម សុខអេង គឺជាពាណិជ្ជករវ័យក្មេងរូបដែលមានកំណើតមកពីខេត្តកំពង់ចាម កំពុងបោះទុនវិនិយោគក្នុងវិស័យជាច្រើន ហើយជំនួញដែលមានភាពលេចធ្លោជាងគេនោះ គឺវិស័យអចលនទ្រព្យ ដូចជា គម្រោអភិវឌ្ឍន៍បុរី KC ព្រែកព្នៅ និងគម្រោងលំនៅដ្ឋាន និងខុនដូរ KK The Residence 598 ស្ថិតនៅតំបន់ក្រសួងរៀបចំដែនដីនគរូនីយកម្ម និងសំណង់ ស្នងការរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន។
អ្នកឧកញ៉ា សុខអេង ជារឿយៗតែងតាំងបានអមដំណើរគណៈប្រតិភូកម្ពុជាចូលរួមគោះទ្វារវិនិយោគនៅបរទេស ដើម្បីជំរុញបេសកកម្មការទូត ពាណិជ្ជកម្ម និងវិនិយោគ ពិសេសនោះអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ បច្ចុប្បន្នអ្នកឧកញ៉ាជាសមាជិកសមាគមអ្នកអភិវឌ្ឍន៍កម្ពុជា ក្រោមការដឹកនាំពីលោកអ្នកឧកញ៉ា លី ហួរ, សមាជិកសភាពាណិជ្ជកម្មកម្ពុជា ក្រោមដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង និងជាសមាជិកសមាគមឧកញ៉ាកម្ពុជារបស់អ្នកឧកញ៉ា លី យ៉ុងផាត់៕