(ដាកា)៖ ប្រទេសចិន គ្រោងនឹងចុះហត្ថលេខាក្នុងការផ្តល់ឥណទានចំនួន ២៤ពាន់លានដុល្លារ ដល់ ប្រទេសបង់ក្លាដែស នៅក្នុងឱកាសនៃការបំពេញទស្សនកិច្ច របស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅទីនោះ បន្ទាប់ពីលោកបានចាកចេញពីកម្ពុជា នៅព្រឹកថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០១៦។
ដំណើរទស្សនកិច្ចលោក ស៊ី ជីនពីង ជាលើកដំបូងនៅបង់ក្លាដែស គឺត្រូវបានធ្វើឡើងក្នុងគោលបំណង បង្កើនការចូលរួមរបស់ប្រទេសចិន នៅក្នុងគំរោងហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសបង់ក្លាដែស ដោយចិន នឹងជួយប្រទេសអាស៊ីខាងត្បូងមួយនេះ សាងសង់រោងចក្រថាមពលអគ្គិសនី កំពង់ផែ និងផ្លូវរថភ្លើង។
រដ្ឋមន្រ្តីក្រសួងហរិញ្ញវត្ថុបង់ក្លាដែសលោក M.A. Mannan បានឲ្យដឹងថា នៅក្នុងដំណើរបំពេញ ទស្សនកិច្ចរបស់ប្រធានាធិបតីចិន មកកាន់បង់ក្លាដែស លោក ស៊ី ជីនពីង នឹងចុះហត្ថលេខាផ្តល់ជា ប្រាក់ឥណទានប្រមាណ ២៤ពាន់លានដុល្លារ ដើម្បីយកមកប្រើប្រាស់នៅក្នុងគំរោងចំនួន ២៥ របស់ប្រទេសបង់ក្លាដែស ដោយរួមបញ្ចូលទាំង រោងចក្រអគ្គិសនី ដែលមានសមត្ថភាពផ្គត់ផ្គង់ថាមពល ចំនួន ១,៣២០ មេហ្គាវ៉ាត់ ហើយក៏មានបំណងសាងសង់កំពង់ផែមួយ នៅប្រទេសនេះថែមទៀតផង។
លោករដ្ឋមន្រ្តី បានបន្តថា នៅក្នុងចំណោមគំរោងទាំងនោះក៏ មានការសាងសង់ផ្លូវជាតិធំៗ និង ការអភិវឌ្ឍ ផ្នែកបច្ចេកវិទ្យាផងដែរ ហើយលោកបានអះអាងថា «តម្រូវការនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ របស់យើង គឺវាធំធេងណាស់ ហេតុនេះហើយ ពួកយើងចាំបាច់ត្រូវការប្រាក់កម្ចីច្រើនដូចគ្នា»។
ជាមួយគ្នានេះដែរ ទីក្រុងប៉េកាំង ក៏មានបំណង់ចង់ ពិចារណាឡើងវិញលើគំរោង នៃការសាងសង់ កំពង់ផែទឹកជ្រៅមួយកន្លែងនៅលើកោះ Sonadia នៃប្រទេសបង់ក្លាដែសផងដែរ ដែលគំរោងនេះ ត្រូវបានផ្អាកអស់ជាច្រើនឆ្នាំមកហើយនោះ។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅបង់ក្លាដែស លោក ស៊ី នឹងបន្តដំណើរទៅឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS៕