(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សនិងយុត្តិធម៌អន្ដរជាតិនៃសាកលវិទ្យាល័យស្ទែនហ្វត មកពីសហរដ្ឋអាមេរិក ទាក់ទងនឹងឯកសារឃ្លាំមើលអំពីដំណើរការការជំនុំជម្រះក្តីនៅក្នុងសាលាក្ដីខ្មែរក្រហមដែលចងក្រងដោយសាកលវិទ្យាល័យស្ទែនហ្វត។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការដោយលោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទីនៃ អ.វ.ត.ក. និងលោកបណ្ឌិត ដាវីត កូហិន សហប្រធានមហាវិទ្យាល័យមជ្ឈមណ្ឌលសិទ្ធិមនុស្ស និងយុត្តិធម៌អន្ដរជាតិនៃសាកលវិទ្យាល័យស្ទែនហ្វត។

លោក ក្រាញ់ តូនី បានថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណចំពោះលោកបណ្ឌិត ខូហេន ដែលបានចូលរួមចំណែកក្នុងការងាររបស់ អ.វ.ត.ក. នាពេលកន្លងមក។ ជាការពិតណាស់ ឯកសារដែលប្រគល់ដោយសាកលវិទ្យាល័យស្ទែនហ្វតនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីយុត្តិធម៌អន្តរកាល គោលការណ៍នៃការទទួលខុសត្រូវ និងការសិក្សាអំពីជម្លោះ»

លោក ក្រាញ់ តូនី បញ្ជាក់បន្ថែមថា អ.វ.ត.ក. នឹងថែករក្សាឯកសារទាំងនេះឱ្យបានប្រសើរបំផុត ហើយសំខាន់ជាងនេះទៀត យើងនឹងផ្តល់លទ្ធភាពដល់សាធារណជនចូលរួមស្វែងយល់ និងប្រើប្រាស់ឯកសារនេះបាន នៅក្នុងមជ្ឈមណ្ឌលធនធាននៃ អ.វ.ត.ក.។

លោកបន្ថែមថា៖ «ថ្ងៃនេះយើងឯកភាពគ្នាលើការងារអតីតកាល ហើយយើងក៏រីករាយសហការជាមួយសាកលវិទ្យាល័យស្ទែនហ្វត សម្រាប់ការងាររួមក្នុងពេលអនាគតកាលផងដែរ ទាក់ទងនឹងការផ្សព្វផ្សាយអំពីសមិទ្ធផលនៃការជំនុំជម្រះក្ដីនៅ អ.វ.ត.ក. និងការងារសំខាន់ៗផ្សេងទៀត សម្រាប់ការអប់រំមនុស្សជំនាន់ក្រោយ ដើម្បីបង្កាការកើតឡើងនូវអំពើឃោរឃៅដូចរបបខ្មែរក្រហមជាដើម»

លោកបណ្ឌិត ដាវីត កូហិន បានថ្លែងថា «យើងមានសេចក្តីសោមនស្សរីករាយក្នុងការអនុវត្តកិច្ចការរួមគ្នាជាមួយ អ.វ.ត.ក. ក្នុងភាពជាដៃគូដ៏មានអត្ថន័យនេះ។ ការអនុវត្តការងារជាមួយគ្នានេះ យើងអាចរួមចំណែកថែរក្សាកេរដំណែលនេះឱ្យយូរអង្វែង និងធានាថា មេរៀនពីអតីតកាលបន្តប្រាប់ទៅកាន់ពិភពលោកសម្រាប់ការតស៊ូដើម្បីយុត្តិធម៌ និងសិទ្ធិមនុស្ស»

សូមជម្រាបថា នៅក្នុងកិច្ចព្រមព្រៀងនោះ មជ្ឈមណ្ឌលសិទ្ធិមនុស្សនិងយុត្តិធម៌អន្ដរជាតិនៃសាកលវិទ្យាល័យស្ទែនហ្វត បានឯកភាពប្រគល់ឯកសារឌីជីថលថតចម្លងដែលខ្លួនបានចងក្រងឡើងទាក់ទងនឹងដំណើរការជំនុំជម្រះក្ដីនៅ អ.វ.ត.ក. ជូនសាលាក្ដីខ្មែរក្រហមដើម្បីរក្សាទុកក្នុងមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. និងសម្រាប់កិច្ចការសិក្សាស្រាវជ្រាវជូនសាធារណជន។

ឯកសារដែលភាគីបានឯកភាពប្រគល់ជូនេះរួមមាន៖

១. របាយការណ៍សំណុំរឿង ០០១៖ របាយការណ៍នៃការជំនុំជម្រះចំនួន ២១ ដែលរបាយការណ៍នីមួយៗមានពីរភាសា គឺជាភាសាអង់គ្លេស និងភាសាខ្មែរ
២. របាយការណ៍សំណុំរឿង ០០២/០១៖ របាយការណ៍នៃការជំនុំជម្រះក្ដីចំនួន ៧២ ដែលរបាយការណ៍នីមួយៗមានពីរភាសា គឺជាភាសាអង់គ្លេស និងភាសាខ្មែរ រួមជាមួយនឹងរបាយការណ៍អំពីបណ្តឹងឧទ្ធរណ៍ចំនួន៤ ជាភាសាអង់គ្លេស អមជាមួយនឹងរបាយការណ៍សង្ខេបជាភាសាខ្មែរ។
៣. របាយការណ៍សំណុំរឿង ០០២/០២៖ របាយការណ៍ជំនុំជម្រះក្ដីចំនួន ៨០ ដែលរបាយការណ៍នីមួយៗ គឺជាភាសាអង់គ្លេស អមជាមួយនឹងរបាយការណ៍សង្ខេបជាភាសាខ្មែរ។
៤. របាយការណ៍ពិសេស និងចុងក្រោយបំផុតអំពី អ.វ.ត.ក.
៥. មាតិកាដែលបានបោះពុម្ពផ្សាយផ្សេងៗ
៦. និងរបាយការណ៍អំពីការឃ្លាំមើលអំពីការផ្សព្វផ្សាយរបស់ អ.វ.ត.ក.លើបណ្ដាញផ្សព្វផ្សាយសង្គម ចេញផ្សាយក្នុងអំឡុងឆ្នាំ ២០១១ - ២០២២។

កំណត់ត្រានេះ មានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ជំរុញការស្រាវជ្រាវក្នុងវិស័យសិក្សាអន្តរកម្មដែលរួមមានច្បាប់ គណនេយ្យភាព ការសិក្សាសន្តិភាព និងជម្លោះ យុត្តិធម៌អន្តរកាល និងបណ្ណសារប្រវត្តិសាស្ត្រ៕