(បាងកក)៖ ព្រះមហាក្សត្រថៃព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គតទៅហើយ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦ ដែលនេះជាការបញ្ចប់នូវការគ្រងរាជ្យសម្បត្តិ យូរជាងគេនៅលើពិភពលោក ចំនួន៧ទសវត្សរ៍។ ការកាន់ទុក្ខដ៏សោកសង្រេងជាទីបំផុត បាននិង កំពុងធ្វើឡើងជាសាធារណសម្រាប់ប្រទេសថៃទាំងមូល និងប្រជាជនថៃនៅតាមបណ្តាប្រទេសនានាទូទាំងសកលលោក ខណៈព្រះបុត្រាស្នងរាជ្យ មហា វ៉ាចរ៉ាឡុងកន បានប្រកាសពន្យាពេលនៃការឡើង ស្នងរាជ្យសម្បត្តិ ដើម្បីទុកឱកាសរៀបចំព្រះរាជពិធីបុណ្យសព ថ្វាយព្រះមហាក្សត្រជាចម្បង។ នេះបើតាមអត្ថបទរបស់សារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០១៦។
ប្រទេសថៃទាំងមូល នៅអំឡុងពេលកាន់ទុក្ខរយៈពេល ១ឆ្នាំនេះ នឹងប្រៀបដូចជាលំនៅឋានមួយដែលបិទទ្វារ ហើយទង់ជាតិថៃគ្រប់ទីកន្លែងទាំងអស់ នឹងត្រូវបង្ហូតមកត្រឹមពាក់កណ្តាលដង ខណៈប្រជាជនគ្រប់ស្រទាប់វណ្ណៈទាំងអស់ នឹងត្រូវប្តូរមកស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ ឬ ក្រម៉ៅ។ ក្នុងអំឡុងពេល មួយឆ្នាំទៅមុខនេះ ស្ថានភាពនៅស្រុកថៃ ក៏នឹងមិនខុសគ្នាប៉ុន្មានទៅនឹងពេល ដែលសម្តេចសង្ឃរបស់ថៃ ដែលបានសុគត់កាលពីឆ្នាំ ២០១៣នោះឡើយ។ សូម្បីតែភ្ញៀវទេសចរ ដែលមកលេងប្រទេសអាស៊ាន មួយនេះ ក៏ត្រូវបានណែនាំ មិនឲ្យស្លៀកពាក់ឆើយឆាយ ឬចំរុះពណ៌ នៅក្នុងអំឡុងថ្ងៃកាន់ទុក្ខនេះដែរ។
បន្ថែមពីនេះទៀត ទីកន្លែងកម្សាន្តសប្បាយៗ ដូចជាក្លឹប កន្លែងបម្រើសេវាកម្មកម្សាន្តទំនើប ដែលមានលក្ខណៈសប្បាយរីករាយជ្រុល នឹងត្រូវបន្ថយពេលវេលា ផ្តល់សេវាកម្ម ហើយខ្លះទៀតក៏នឹងត្រូវបិទទ្វារជាបណ្តោះអាសន្នផងដែរ។ បន្ថែមពីនេះទៀតការប្រគុំតន្ត្រី និងកម្មវិធីកម្សាន្តធំតូច ទាំងតាមទូរទស្សន៍ និងទីសាធារណ ត្រូវតែពន្យាពេល ឬលុបចោលជាដាច់ខាត។ លោក Paul Chambers សាស្ត្រាចារ្យ នៃសកលវិទ្យាល័យឈៀងម៉ៃ បានលើកឡើងថា «វាដូចជាការបិទទ្វារ ប្រទេសទាំងមូល ដែលសកម្មភាពសេដ្ឋកិច្ច និងសង្គម ត្រូវធ្វើការសម្រាកមួយរយៈធំ ដើម្បីរៀបចំព្រះរាជពិធីបុណ្យសព ថ្វាយព្រះមហាក្សត្រ»។
នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ព្រះសពរបស់ស្តេចថៃ នឹងត្រូវយកទៅធ្វើពិធីអប់សព និងធ្វើការរៀបចំ ដាក់ទៅក្នុងមឈូសរាជតាមប្រពៃណីថៃ ដើម្បីត្រៀមធ្វើព្រះរាជពិធីបូជា។ ប្រមុខរដ្ឋ និងរដ្ឋាភិបាលនានានៅលើសកលលោក នឹងផ្ញើសាររំលែកទុក្ខ ដល់ក្រុមគ្រួសាររាជ្យវង្សថៃ ព្រមទាំងប្រជាជាតិថៃ ទាំងមូល ខណៈព្រះរាជពិធីបុណ្យសព និងគោរពព្រះវិញ្ញានក្ខន្ធ នឹងត្រូវប្រារព្ធធ្វើឡើងនៅគ្រប់ ភូមិ ស្រុក ក្រុង និង ខេត្ត នៅទូទាំងប្រទេស ហើយមន្ត្រីទូត និងតំណាងរដ្ឋ ព្រមទាំងរដ្ឋាភិបាល នៃប្រទេសជាមិត្តរបស់ថៃ ក៏នឹងមកចូលរួមព្រះរាជពិធីបុណ្យនេះ ដោយផ្ទាល់ផងដែរ។
សម្រាប់ព្រះរាជពិធីបុណ្យសព ដែលរាជវង្សានុវង្សប្រារព្ធធ្វើឡើងនៅក្នុងព្រះបរមរាជវាំងនោះ នឹងមានរយៈពេលតែ ០៧ថ្ងៃប៉ុណ្ណោះ ដោយនឹងមិនអូសបន្លាយដល់រាប់ខែ ឬរាប់ឆ្នាំនោះឡើយ ហើយរដ្ឋាភិបាល នឹងមានតួនាទីចាត់ចែងពិធីបន្តតាមការសមគួរ នៅពេលព្រះរាជពិធីបុណ្យធំនៅរាជវាំងបញ្ចប់។ ទោះបីជាកន្លងមក ធ្លាប់មានព្រះរាជពិធីបុណ្យសពនៃ សមាជិករាជវង្សថៃ ត្រូវបានរៀបចំឡើង ហើយមាន លក្ខណៈធំធេងរួចទៅហើយក៏ដោយ ក៏ប៉ុន្តែសម្រាប់លើកនេះ វានឹងមានភាពធំធេងលើសមុនៗ ដោយសារតែព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ជាព្រះមហាក្សត្រ ដែលប្រជាជនគោរពស្រឡាញ់ ជាងអាយុជីវិត ដោយសារតែកាលនៅមានព្រះជន្ម ព្រះអង្គបានប្រើប្រាស់ពេលវេលាទាំងអស់ ដើម្បីធ្វើឲ្យប្រទេសថៃទាំងមូល មានភាពរីកចំរើនរុងរឿង និងល្បីរន្ទឺពាសពេញពិភពលោក។
ជាចុងក្រោយនេះ គឺការឡើងគ្រងរាជ្យសម្បត្តិរបស់ស្តេចអង្គថ្មី ដែលជាព្រះរាជ្យបុត្ររបស់ព្រះបាទ ភូមិបុល នោះគឺព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន។ ទោះបីជារដ្ឋាភិបាលថៃ ដឹកនាំដោយលោក ប្រាយុទ្ធ ច័ន្ទអូចា បានប្រកាសថា ព្រះរាជ្យបុត្រអង្គនេះ នឹងឡើងសោយរាជ្យបន្តតាមប្រពៃណីនៃរាជ្យវង្សថៃ ក៏ដោយ ក៏ព្រះរាជពិធីឡើងស្នងរាជ្យ នឹងធ្វើឡើងនៅពេលរាប់ខែ ឬរាប់ឆ្នាំទៅមុខទៀត ក៏ព្រោះតែពេលនេះប្រទេសថៃ ត្រូវការចាំបាច់នូវការរៀបចំព្រះរាជពិធីបុណ្យសព ដែលត្រូវធ្វើឲ្យបានធំធេង និងពិសិដ្ឋបំផុត ឲ្យសក្តិសមនឹងកិត្យានុភាពនៃប្រទេសថៃ។
ដោយឡែកនៅអំឡុងពេលនៃការរៀបចំព្រះរាជពិធីបុណ្យសព និងការរៀបចំដំណើរការឡើងគ្រងរាជ្យ សម្បត្តិនេះ លោក ព្រេម ទិនស៊ូឡាណុន ដែលជាមហាឧបរាជ នឹងត្រូវដើរតួនាទីជាអ្នកគ្រប់គ្រងរាជ្យកិច្ចគ្រប់យ៉ាងទាំងអស់សម្រាប់រាជ្យវង្សថៃ រហូតដល់ស្តេចថ្មីគ្រងម្កុដសោយរាជ្យ។ បើតាមអ្នកវិភាគមួយចំនួនការគ្រោងរៀបចំការបោះឆ្នោតនៅឆ្នាំ ២០១៧ ខាងមុខនេះ អាចនឹងត្រូវពន្យាពេលបន្ថែមទៀតហើយ ព្រោះរដ្ឋាភិបាលយោធាថៃ នឹងអាចយកហេតុផលនៃការ កើតមានអស្ថេរភាព ក្រោយ ព្រះមហាក្សត្រសោយទិវង្គត់ ដើម្បីជាលេសគ្រប់គ្រងអំណាចបន្តទៀត៕