(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីសក្ដានុពលទេសចរណ៍ ឱកាសវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចជាច្បាប់និងគោលការណ៍អនុគ្រោះរបស់រាជរដ្ឋាភិបាលសម្រាប់វិនិយោគិនអន្តរជាតិ ជូនដល់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា និងធុរជនមកពីរដ្ឋកាលីហ្វ័រញ៉ា (ក៏មានជនជាតិខ្មែរសញ្ជាតិអាម៉េរិកក្នុងនោះដែរ) ខណៈគណៈប្រតិភូធុរជនទាំងនេះគឺកំពុងសម្លឹងមើលឱកាសវិនិយោគនៅកម្ពុជាជាពិសេស។

ការអំពាវនាវទាក់ទាញការវិនិយោគនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោករដ្ឋមន្ត្រី ហួត ហាក់ ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា និងធុរជនមកពីរដ្ឋកាលីហ្វ័រញ៉ា ដឹកនាំដោយលោក ហួត គីមឆា អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំរដ្ឋកាលីហ័្វរញ៉ា នាល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍។

នាឱកាសនោះ លោកអគ្គកុងស៊ុលកិត្តិយស ហួត គីមឆា បានបញ្ជាក់ជូនលោករដ្ឋមន្ត្រីពីគោលបំណងរបស់ប្រតិភូសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា និងធុរជនមកពីរដ្ឋកាលីហ្វ័រញ៉ាដែលមកកាន់កម្ពុជានាពេលនេះ គឺដើម្បីទស្សនកិច្ចស្វែងយល់បន្ថែមពីឱកាសវិនិយោគ ពីគោលការណ៍អនុគ្រោះរបស់រាជរដ្ឋាភិបាលកម្ពុជា ពីសក្ដានុពលនានាពាក់ព័ន្ធនឹងវិស័យទេសចរណ៍ វិស័យអប់រំ វិស័យពាណិជ្ជកម្មជាដើម ខណៈប្រតិភូរបស់លោកក៏បានមើលឃើញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍនៅប្រទេសកម្ពុជា ដែលជាឱកាសអំណោយផលចាំបាច់បំផុតសម្រាប់អ្នកវិនិយោគ ពាណិជ្ជករ ធុរជនគ្រប់គ្នា។ ម្យ៉ាងវិញទៀត សក្ដានុពលទេសចរណ៍នៅកម្ពុជាក៏កំពុងមានភាពទាក់ទាញ ដែលជាកាតាលីករសំខាន់ក្នុងការជំរុញទាក់ទាញភ្ញៀវទេសចរដើមកំណើតខ្មែរនៅសហរដ្ឋអាម៉េរិក ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិនៅសហរដ្ឋអាម៉េរិកផងដែរ។

ដើម្បីរួមចំណែកបង្ហាញពីឱកាសវិនិយោគ គោលការណ៍អនុគ្រោះរបស់រាជរដ្ឋាភិបាលកម្ពុជាបន្ថែម ជូនដល់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា និងធុរជនមកពីរដ្ឋកាលីហ្វ័រញ៉ានោះ លោករដ្ឋមន្ត្រី ហួត ហាក់ បានបង្ហាញពីច្បាប់វិនិយោគថ្មី (ឆ្នាំ២០២១) ដែលបង្កបរិយាកាសអនុគ្រោះជាច្រើនដល់ការវិនិយោគ ដូចជា អនុញ្ញាតក្រុមហ៊ុនបរទេសអាចធ្វើប្រតិបត្តិការជាម្ចាស់ភាគហ៊ុន ១០០% ដោយពុំចាំបាច់មានដៃគូក្នុងស្រុក (លើកលែងដីធ្លី) បែបបទចុះបញ្ជីដែលមានភាពងាយស្រួលតាមច្រកចេញចូលតែមួយដោយប្រព័ន្ធស្វ័យប្រវត្តិកម្ម (CAMDX, CDCIPM)។ ក្រៅពីនេះក៏រាជរដ្ឋាភិបាលក៏មានការលើកទឹកចិត្ត ការអនុគ្រោះពន្ធ។ល។

លោករដ្ឋមន្ត្រីបានជម្រាបជូនជាពិសេសពីការលើកទឹកចិត្តដល់ការវិនិយោគក្នុងវិស័យទេសចរណ៍ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍កំពុងខិតខំធ្វើទំនាក់ទំនងជាមួយបណ្ដាភាគីរដ្ឋ ​ឯកជន ដៃគូអន្តរជាតិ ក៏ដូចជាស្ថានទូតកម្ពុជាប្រចាំនៅក្រៅប្រទេស ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅរដ្ឋ ខេត្ត ទីក្រុង ឬតំបន់ស្វយ័តរបស់ប្រទេសនានា ដើម្បីជួយផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិនមកទស្សនានិងវិនិយោគនៅកម្ពុជា។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី ហួត ហាក់ ក៏បានអំពាវនាវលើកទឹកចិត្តដល់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា និងធុរជនមកពីរដ្ឋកាលីហ្វ័រញ៉ាដែលសុទ្ធតែមានក្រុមហ៊ុនក្នុងដៃនោះ បន្ទាប់ពីសិក្សាអំពីលទ្ធភាពរួចហើយ សូមអញ្ជើញមកបណ្ដាក់ទុនវិនិយោគផ្ទាល់នៅកម្ពុជា ជាពិសេសក្នុងវិស័យទេសចរណ៍ ហើយក្រសួងទេសចរណ៍រីករាយសហការសម្របសម្រួលគ្រប់មធ្យោបាយទៅតាមនីតិវិធីច្បាប់របស់កម្ពុជា។

លោករដ្ឋមន្ត្រីក៏បានស្នើដល់លោកអគ្គកុងស៊ុលកិត្តិយស ហួត គីមឆា សូមពិនិត្យមើលលទ្ធភាពក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចរបស់ភ្ញៀវទេសចរអាម៉េរិកមកទស្សនាកម្ពុជា និងសូមរៀបចំជំនួបដៃគូធុរកិច្ច (Business Matching) នៅសហរដ្ឋអាមេរិក ដោយក្រសួងទេសចរណ៍សន្យានឹងជួយសម្របសម្រួលជាមួយសមាគមក្នុងវិស័យទេសចរណ៍។

លោករដ្ឋមន្ត្រីក៏មិនភ្លេចស្នើដល់លោក ហួត គីមឆា ក៏ដូចជាប្រតិភូសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា និងធុរជនមកពីរដ្ឋកាលីហ្វ័រញ៉ា សូមបន្តជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាជូនដល់ប្រជាជនអាម៉េរិកឱ្យបានកាន់តែទូលំទូលាយ ដើម្បីឱ្យពួក​គាត់មក​ទស្សនាប្រទេស​កម្ពុជា និងជួយផ្សព្វផ្សាយពីសភាពការណ៍ពិតនៅកម្ពុជា ពិសេសកត្តាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អប្រសើរជាដើម។

នាជំនួបនោះដែរ លោក ហួត គីមឆា ក៏បានលើកឡើងបន្ថែមពីគម្រោងដឹកនាំក្រុមនិស្សិតនៅរដ្ឋកាលីហ្វ័រញ៉ាមកទស្សនកិច្ចនៅកម្ពុជា ដើម្បីរួមចំណែកដល់ការជំរុញវិស័យទេសចរណ៍ និងការផ្សព្វផ្សាយបន្ថែមពីគោលដៅនិងសក្ដានុពលទេសចរណ៍នៅកម្ពុជា។ ចំណុចនេះដែរ ក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់លោករដ្ឋមន្ត្រី ហួត ហាក់ ពោលគឺក្រសួងទេសចរណ៍ត្រៀមស្វាគមន៍ជានិច្ចចំពោះវត្តមានប្រតិភូនិស្សិតមកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក៕