(ព្រះសីហនុ)៖ កម្លាំងនគរបាលការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង អធិការដ្ឋានក្រុងព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ បានបង្ក្រាបមេក្លោងចែកចាយគ្រឿងញៀន ២នាក់ ដកហូតបានថ្នាំញៀន ៤៩កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត នៅចំណុចផ្លូវអូរ១ ស្ថិតក្នុងភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។
លោកវរសេនីយ៍ត្រី សួស សីលា នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹង នៅព្រឹកនេះថា ជនសង្ស័យទាំង២នាក់ ដែលបានឃាត់ខ្លួននេះ ទី១- ឈ្មោះ ណាំ ប៊ុនធឿន ឬ ឆន ប៊ុនធឿន មានស្រុកកំណើតនៅស្រុកព្រៃនប់ និងទី២- ឈ្មោះ សុខ សុវណ្ណដាលីន មុខរបរជានារីខារ៉ាអូខេ មានស្រុកកំណើតនៅ ស្រុកកំពង់សៀម។
លោកវរសេនីយ៍ បន្ថែមថា ក្រោយប្រតិបត្តិការឃាត់ខ្លួន កម្លាំងជំនាញបានធ្វើការដកហូត ថ្នាំញៀនមេតំហ្វេតាមីន ម៉ាទឹកកក៤៩កញ្ចប់ ទូរស័ព្ទ១គ្រឿង ជញ្ជឹងថ្លឹង១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន កម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕