(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ ដែលដឹកនាំដោយ លោក រ៉េត្រូ ហ្រ្គូនីងហ្គឺ (Reto Gruninger) នាយកការិយាល័យកិច្ចសហប្រតិបត្តិការ និងកុងស៊ុលស្វីសប្រចាំកម្ពុជា នារសៀលថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០២៤។

តាមរយៈជំនួបនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ លោក ហេង សួរ បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះ លោក Reto Gruninger ដែលត្រូវបានតែងតាំងជា នាយកការិយាល័យកិច្ចសហប្រតិបត្តិការ និងទីភ្នាក់ងារកុងស៊ុលស្វីសប្រចាំកម្ពុជា។ ទន្ទឹមនេះ លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ទីភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ (SDC) ក្នុងការជួយគាំទ្រកម្ពុជា លើការពង្រឹងប្រព័ន្ធអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) នៅកម្ពុជា។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា ទីភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ (SDC) ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្លាំងពលកម្មកម្ពុជាជាមួយនឹងជំនាញដែលស្របទៅនឹងតម្រូវការទីផ្សារ និងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។ ក្នុងន័យនេះ លោករដ្ឋមន្ត្រីជឿជាក់ថា ទីភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ (SDC) នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅលើវិស័យ TVET និងការងារទេសន្តរប្រវេសន៍សម្រាប់កម្ពុជាកាន់តែច្រើនថែមទៀត។

ជាការឆ្លើយតបលោក Reto Gruninger បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការផ្តល់នូវកិច្ចសហប្រតិបត្កិការជាមួយទីភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ (SDC)។ ទន្ទឹមនេះ លោកសង្ឃឹមថា សម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងឆ្នាំ២០២៥ខាងមុខនេះនឹងទទួលបាននូវលទ្ធផលកាន់តែល្អប្រសើរ៕