(ដូហា, កាតា)៖ នាយករដ្ឋមន្ត្រីប្រទេសកាតា បានបង្ហាញការចាប់អារម្មណ៍​លើវិស័យកសិកម្មនៅកម្ពុជា និងបានប្រកាសបញ្ជូនមន្ត្រីពាក់ព័ន្ធរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ដើម្បីសិក្សាពាក់ព័ន្ធការវិនិយោគ ក៏ដូចជាលើក​កម្ពស់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងកាតាផងដែរ។

នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា​​​កម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយលោក សេក្ខ មហាម៉េដ ប៊ីន អាប់​ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាសស៊ីម អាល-ថានី (Sheikh Mohammed Bin Abdulrahman Bin Jassim Al-Thani) នាយករដ្ឋមន្ត្រី និងជា​រដ្ឋ​មន្ត្រីការបរទេសរដ្ឋកាតា នៅវិមានរាជរដ្ឋាភិបាល រាជធានីដូហា។

ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រីកាតា បានស្វាគមន៍យ៉ាងកក់​ក្ដៅចំពោះ​សម្ដេច​តេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញ​ទស្សនកិច្ច​នៅ​រដ្ឋកាតា និងបានរំលឹកថា ធ្លាប់បានជួបសម្តេចតេជោ នៅភ្នំពេញកាល​ពីឆ្នាំ​២០២២កន្លងទេ។ លោកនាយករដ្ឋមន្ត្រី បានបន្តថា ទស្សនកិច្ចរបស់​សម្តេច​តេជោ នឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស​ទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រីកាតា ចំពោះការទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ នៅរាជធានី​ដូហា។ សម្តេចតេជោ បានបញ្ជាក់ថា បានទទួលជួបលោកនាយករដ្ឋមន្ត្រី ក្នុងអំឡុង​ពេល​លោក ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និង​ចុះហត្ថ​លេ​ខា​ចូលជាភាគីនៃសន្ធិសញ្ញាមិត្ត និងសហប្រតិបត្តិការ​អាស៊ី​អា​គេ្នយ៍ (TAC)។

សម្តេចតេជោ បានបន្តថា កម្ពុជា និងកាតា បានបង្កើតទំនាក់ទំនងការទូត នៅ​ឆ្នាំ២០០៨ ហើយសម្តេច មានបំណងមកធ្វើទស្សនកិច្ចនៅរដ្ឋកាតា​ជា​ច្រើន​ដង ក៏ប៉ុន្តែត្រូវបានលើកពេលជាបន្តបន្ទាប់។ សម្តេចតេជោ បាន​បន្ថែម​​ថា កម្ពុជា និងកាតា មានសក្តានុពលច្រើន ដែលប្រើប្រាស់មិន​ទាន់​អស់។ កាតា ជាប្រទេសអ្នកមាន និងគួរវិនិយោគនៅកម្ពុជា ជាពិសេសនៅ​ក្នុងវិស័យកសិ-ឧស្សាហកម្មកែច្នៃ ដើម្បីនាំចេញ។ កម្ពុជា មានផលិតផល​កសិកម្មច្រើន ដូចជាគ្រាប់ស្វាយចន្ទី ដែលកម្ពុជា ផលិតច្រើនជាង​គេនៅ​ក្នុង​ពិភពលោក តែខ្វះលទ្ធភាពកែច្នៃ និងផលិតផលកសិកម្មជាច្រើន​ទៀត។

សម្តេចតេជោ បានស្នើលោកនាយករដ្ឋមន្ត្រី បញ្ជូនវិនិយោគិនមកកម្ពុជា​ដើម្បី​​ជំរុញការវិនិយោគ និងធ្វើពាណិជ្ជកម្ម។ សម្តេចតេជោ បានគូស​បញ្ជាក់​​ថា កម្ពុជា និងកាតា គួរចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការ​ជំរុញ ​និងការការពារវិនិយោគទៅវិញទៅមក និងកិច្ចព្រមព្រៀងស្តីពីកិច្ច​សហ​ប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស និងអនុស្សរណៈ​នៃ​ការយោគយល់គ្នា (MoU) ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី​រវាង​ក្រសួងការបរទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានលើកសរសើរតួនាទីរបស់កាតា នៅក្នុងតំបន់ និងលើឆាក​អន្តរ​ជាតិ ដោយបានបញ្ជាក់ថា កាតាត្រូវបានគេស្គាល់​ទូទាំង​សកលលោក តាមរយៈការចរចាពាណិជ្ជកម្មពិភពលោក Doha Round និង បានរៀប​ចំ​គោលនយោបាយមួយ ដែលទទួលបានការទុកចិត្ត​ពី​សំណាក់​ប្រទេស​នា​នា​​ក្នុងសកលលោក។

សម្តេចតេជោ បានគូសបញ្ជាក់ថា កាតា មានទំនាក់ទំនងជាមួយអាស៊ាន តាមរយៈការចូលជាភាគីនៃសន្ធិសញ្ញា TAC។ អាស្រ័យហេតុនេះ ការ​តភ្ជាប់​​ផ្លូវអាកាសពីមជ្ឈិមបូព៌ា មកអាស៊ីអាគ្នេយ៍ជាចំណុចខ្លាំង​របស់​កាតា​។ សម្តេចតេជោ បានអរគុណ Qatar Airways ដែលមានជើងហោះ​ហើរ​ប្រចាំថ្ងៃមកកម្ពុជា។ ទង្វើនេះ ផ្តល់ផលប្រយោជន៍ដល់ទំនាក់​ទំនងរវាង​ប្រជា​ជន និងប្រជាជន និងវិនិយោគិន។

សម្តេចតេជោ បានសម្តែងក្តីរីករាយដែលកាតា ទទួលបានជោគជ័យជាខ្លាំង​ក្នុង​ការធ្វើជាម្ចាស់ផ្ទះ World Cup 2022 ដែលបានធ្វើឱ្យតួនាទី​របស់​កា តាកើនឡើងលេចធ្លោថែមទៀតនៅលើឆាកអន្តរជាតិ។

ជាកិច្ចឆ្លើយតប លោកនាយករដ្ឋមន្ត្រីកាតា បានអរគុណចំពោះ​ការលើក​ឡើង​ខាងលើរបស់សម្តេចតេជោ និងបានជម្រាបសម្តេចតេជោថា កាតា ផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយប្រទេសជាមិត្តយ៉ាងច្រើន ក្នុងនោះមាន កម្ពុជា និងអាស៊ានផងដែរ។

លោកនាយករដ្ឋមន្ត្រី បានបន្តថា ក្នុងទំនាក់ទំនងទ្វេភាគី កាតា សម្លឹង​មើល​ឱកាសសម្រាប់វិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា។ លោក បានគូស​បញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានចុះហត្ថលេខា​ចប់សព្វ​គ្រប់​នាពេលខាងមុខ នឹងជំរុញវិនិយោគទៅកម្ពុជា។ ជាមួយគ្នានេះដែរ លោក​នាយករដ្ឋមន្ត្រីកាតា បានលើកឡើងថា លោក នឹងចាត់រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និងឧស្សាហកម្ម និងថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា(QIA) មកជួបសម្តេច ដើម្បីជំរុញទំនាក់ទំនងខាងវិស័យពាណិជ្ជកម្ម និង​វិនិយោគ។

ក្នុងជំនួបនេះសម្តេចតេជោ និងលោកនាយករដ្ឋមន្ត្រីកាតា ក៏បានផ្តោត​លើ​បញ្ហាដែលកំពុងវិវត្តនៅក្នុងសកលលោកផងដែរ ជាពិសេសសភាពការណ៍​ថ្មីៗដែលកំពុងកើតមាននៅក្នុងតំបន់ជ្ឈិមបូព៌ា៕